ផ្ទះមួយខ្នង ត្រូវអគ្គិភ័យឆាបឆេះខ្ទេចទាំងស្រុង ដោយសារម្ចាស់ផ្ទះដុតធូបមូស
ភ្នំពេញ៖ ដោយសារតែការធ្វេរប្រហែសរបស់ម្ចាស់ផ្ទះ ទើបបណ្ដាលឲ្យផ្ទះមួយខ្នង ដែលសង់ថ្មក្រោមឈើលើទំហំ ៥ម៉ែត្រ គុណនឹង៨ម៉ែត្រ ត្រូវអគ្គិភ័យបំផ្លាញខេ្ទចទាំងស្រុង ខណៈដែលម្ចាស់ដុតធូបមូសមិនប្រយ័ត្នក៏ឆេះពូក បង្កជាអណ្តាតភ្លើងឆាបឆេះតែម្តង ។
ករណីគ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ក្រុម១១ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យរាជធានៅភ្នំពេញ ។
តាមប្រភពពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ គង់ សុខលីម ភេទប្រុសអាយុ៥៤ឆ្នាំ មុខរបរកម្មករផលិតធ្យូង ស្នាក់នៅទីតាំងកើតហេតុខាងលើ ។

មន្រ្តីដដែលបន្តថា មូលហេតុដែលមានអគ្គិភ័យកើតឡើងនេះ ដោយសារម្ចាស់ផ្ទះដុតធូបមូសទុកចោល បណ្ដាលឲ្យរាលដល់ពូក ទើបបង្កការឆាបឆេះដល់សម្ភារក្នុងផ្ទះតែម្តង ។ ក្នុងប្រតិបត្តិការនោះ រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន៤គ្រឿង បានមកដល់ទីតាំងកើតហេតុ ដោយជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ ជាមួយរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៤គ្រឿង និង១គ្រឿងទៀតរបស់ក្រុមហ៊ុនឯកជន បាញ់រហូតរលត់ទៅវិញនៅវេលាម៉ោង ៥និង៣០នាទីព្រឹកថ្ងៃដដែល ។

ក្រោយកើតហេតុ ទ្រព្យសម្បតិ និងលំនៅដ្ឋានទាំងមូល ត្រូវអគ្គិភ័យបំផ្លាញទាំងស្រុង ប៉ុន្តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះ និងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះឡើយ ៕
