ពលករខ្មែរ ១៣០គ្រួសារ ដែលកំពុងមានការលំបាកជីវភាព នៅប្រទេសថៃ បានទទួលអំណោយពីស្ថានទូតខ្មែរ
អត្ថបទដោយ៖
ធី ដា
នៅព្រឹកថ្ងៃទី២២ កក្កដានេះ ស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក ប្រទេសថៃ បាននាំយកអំណោយដែលមានគ្រឿងឧបភោគបរិភោគចុះចែកដល់ពលករខ្មែរចំនួន១៣០គ្រួសារ ទោះបីជាប្រទេសថៃបានចេញវិធានការរឹតបន្តឹងថ្មីដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ–១៩ ជាពិសេសការធ្វើដំណើរឆ្លងតំបន់ និងខេត្តក៏ដោយ។
ពលករដែលទទួលបានអំណោយនោះ ស្ថិតនៅទីតាំងចំនួន២កន្លែងគឺ ទី១ នៅការដ្ឋានសំណង់មួយស្ថិតនៅសង្កាត់ចមភុន ខណ្ឌចតុចក្រ ក្រុងបាងកក មានបងប្អូនពលករខ្មែរចំនួន៩០គ្រួសារ។
ទីតាំងទី២ ស្ថិតនៅការដ្ឋានសំណង់ស្ថិតនៅឃុំបាងភ្លីយ៉ៃ ស្រុកបាងភ្លី ខេត្តសមុទ្រប្រាកាន មានពលករខ្មែរចំនួន ៤០គ្រួសារ។ ការចុះចែកអំណោយនោះ គឺបានការចូលរួមសហការ និងជួយសម្រួលពីអាជ្ញាធរពាក់ព័ន្ធថៃ រួមមានតំណាងខាងសុខាភិបាលថៃ និងក្រសួងការងារថៃ ដោយអនុវត្តតាមវិធានការរបស់សុខាភិបាលក្នុងការការពារ និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ យ៉ាងខ្ជាប់ខ្ជួន។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

