ប៉ូលិសហុងកុងចាប់អតីតបុគ្គលិកកាសែត Apple Daily ៤នាក់ទៀត ក្រោមច្បាប់សន្តិសុខជាតិ
ប៉ូលិសផ្នែកអនុវត្តច្បាប់សន្តិសុខជាតិហុងកុងកាលពីថ្ងៃពុធ បានចាប់ខ្លួនអតីតសមាជិកការីនិពន្ធចំនួន ៤រូបបន្ថែមទៀត របស់កាសែត Apple Daily ដែលត្រូវបានគេបិទការផ្សាយកន្លងទៅនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាននៅក្នុងស្រុកហុងកុង។

បើយោងតាមសេចក្ដីថ្លែងការណ៍របស់ប៉ូលិសហុងកុងនៅរាត្រីថ្ងៃពុធបានឱ្យដឹងថា បុគ្គលទាំង ៤រូបនោះត្រូវបានចាប់ខ្លួន ក្រោមបទល្មើស «ឃុបឃិតជាមួយបរទេស»។ ពួកគេនឹងឡើងតុលាការនៅក្នុងថ្ងៃព្រហស្បតិ៍។
កាលពីខែមិថុនាកន្លងទៅ អាជ្ញាធរហុងកុងបានធ្វើការចូលលុកលុយអគាររបស់សារព័ត៌មាន Apple Daily ហើយក៏បានចាប់ខ្លួនថ្នាក់ដឹកនាំ ៥រូបរបស់កាសែតនេះ។
កាសែតនេះត្រូវបានគេស្គាល់ថា ជាកាសែតគាំទ្រចលនាប្រជាធិបតេយ្យនៅហុងកុង ហើយរិះគន់យ៉ាងចាស់ដៃទៅលើរដ្ឋាភិបាលតំបន់ស្វយ័តហុងកុង ក៏ដូចជារដ្ឋាភិបាលកណ្ដាលនៅឯរដ្ឋធានីប៉េកាំងផងដែរ។
ខាងអាជ្ញាធរហុងកុងបានលើកឡើងថា កាសែតមួយនេះបានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មអន្តរជាតិទៅលើចិន ដែលជាអំពើមួយប្រាសចាកពីច្បាប់សន្តិសុខជាតិហុងកុង ដែលអនុម័តកាលពីឆ្នាំ២០២០កន្លងទៅ៕