ហេតុអ្វីបានជាអ្នកចាក់វ៉ាក់សាំងហើយនៅតែឆ្លងកូវីដ-១៩?

បើទោះបី​ជា​វ៉ាក់សាំងប្រឆាំង​វីរុស​កូវីដ-១៩ មាន​សមត្ថភាព​កាត់បន្ថយហានិភ័យ​នៃការសម្រាក​នៅ​មន្ទីរពេទ្យ​ និងការ​ស្លាប់​ពី​ជំងឺនេះ​​​ក៏ដោយមនុស្ស ការ​ទទួល​បានវ៉ាក់សាំងទាំង​ ២ ដូស នៅតែអាចធ្លាក់ខ្លួនឈឺ និង​ស្លាប់​ដោយ​សារ​វីរុស​នេះ​(ករណីកម្រ)។

នេះបើតាម​ឱ្យដឹងពី​ការស្ទង់មតិរបស់ NBC លើមន្ត្រីសុខាភិបាលទូទាំងសហរដ្ឋអាមេរិក​ ដែល​ក្រុមអាយុ​​ងាយរង​គ្រោះថ្នាក់ជាង​គេ​គឺ​ក្រុម​អាយុ​ ដែល​មាន​អាយុ​​៦៥​ឆ្នាំ​ឡើង​ឬ មានប្រព័ន្ធភាព​ស៊ាំចុះ​ខ្សោយ​ ឬ​ស្ថានភាពសុ​ខភាពធ្ង​ន់ធ្ងរ​ដទៃ​ទៀត។

មនុស្ស​ស្ថិតក្រុម​វ័យ​​នេះ គឺ​ជា​ក្រុម​ងាយ​រ​ងផលវិបាកធ្ងន់ធ្ងរបំផុ​តនៃជំងឺ​កូវីដ-១៩ ចាប់តាំង​ពី​មាន​ការ​រាត​ត្បាត​មក ហើយ​​និន្នាការនេះ ​ត្រូវ​បានគេមើលឃើញមិន​មែន​តែ​នៅ​​ស​ហរដ្ឋអាមេរិកនោះ​ទេ ពោល​វា​ក៏​កើត​ឡើង​នៅ​ប្រទេស​ដទៃ​​ផងដែរ។

លោក​វេជ្ជបណ្ឌិត Robert B. Darnell ជា​អ្នកជីវគីមីជីវវិទ្យានៅសាកលវិទ្យាល័យ Rockefeller ក្នុងទី​ក្រុងញូវ​យ៉ក​ ​មានប្រសាសន៍៖​ «​វ៉ាក់សាំងកូវីដ-១៩ មាន​ឥទ្ធិពលខ្លាំងក្នុង​​ការពារ​ជំងឺ។ ពួកគេ​មាន​ប្រសិទ្ធិភាព​​ល្អណាស់»។​

ចំនែកឯ​លោក Roy M. Gulick ប្រធានមជ្ឍមណ្ឌល​សិក្សា​ជំងឺឆ្ល​ង Weill Cornell Medicine នៅញូវយ៉ក បាន​ឱ្យដឹង​ដែរ​៖ «ប្រសិ​នបើ​អ្នកក្រឡេកមើល ករណី​ស្នាក់នៅ​មន្ទីរពេទ្យ​ ប្រមាណ ៩៧ ភាគរយ​នៃ​អ្នកជំងឺ​សុទ្ធ​តែ​​ជា​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង​។​ ហើយ​ស្ទើ​រតែ​អ្នក​ស្លាប់​ដោយ​សារ​កូវីដ-១៩ នៅ​អាមេរិក​ សុទ្ធតែ​ជា​អ្នក​មិន​បាន​ទទួល​បាន​វ៉ាក់សាំង​ទាំង​អស់»។

លោក Anthony S. Fauci វេជ្ជបណ្ឌិត​ជំងឺឆ្លង​កំពូលរបស់អាមេរិក​ បាន​ឱ្យ​ដឹង៖ «ការឆ្លង​កូវីដ បើទោះចាក់​វ៉ាក់សាំង​ហើយ​ មិន​មែន​មាន​ន័យថាវ៉ាក់សាំង​នេះមិន​មានប្រសិទ្ធិភាពទេ​។ វា​នៅតែ​បំពេញ​នាទីរបស់​វាក្នុង​ការ​ការពារប្រឆាំង​នឹងករណី​ធ្ងន់ធ្ងរ ដែលបណ្ដាលឱ្យ​មាន​ការសម្រាក​នៅ​មន្ទីរពេទ្យ​ និង​កា​រ​ស្លាប់​ផងដែរ​»​។

វ៉ាក់សាំង Pfizer-BioNTech ដែលជាវ៉ាក់សាំងប្រភេទ​ mRNA ចំនួន ២ ដូស មានប្រសិទ្ធភាពដល់ទៅ​ ៨៨ ភាគរយ​ ក្នុង​ការបញ្ឈប់វ៉ារ្យ៉ង់ Delta ពី​ការ​បង្ករោគសញ្ញា។ នេះបើយោងតាមការសិក្សា​ ដោយទី​ភ្នាក់ងារ​សុខភា​ពសាធារណៈអង់គ្លេស។ អ្នកជំនាញផ្នែកសុខភាព បានប្រាប់​កាសែត​ The Washington Post កាលពីដើមខែនេះថា ការ​វ៉ាក់សាំង ដែលប្រើបច្ចេកវិទ្យា mRNA ដែរនោះ គឺ Moderna ក៏​មាន​ប្រសិទ្ធិភាពប្រហាក់​ប្រហែលគ្នានេះដែរ។

យ៉ាងណាមិញ ការសិក្សា​នៅ មន្ទីរពិសោធន៍ផ្សេងទៀត ដូចជា របាយការណ៍វេជ្ជសាស្ត្រ​អង់គ្លេស​ New England Journal of Medicine ចេញផ្សាយក្នុងខែ កក្កដា ​បានឱ្យដឹងថា ​វ៉ាក់សាំង​ Johnson & Johnson អាច​ផ្តល់​នូវការឆ្លើយតប​ប្រឆាំងនឹង​វ៉ារ៉្យង់​ Delta បាន​ជាច្រើន​ខែ​បន្ទាប់ពីចាក់រួច​។

វា​ជា​ការយល់ច្រឡំមួយ ដែលថាវ៉ាក់សាំង​ធ្វើឱ្យមនុស្សមានភាពស៊ាំទាំងស្រុង​ និង​អាច​ទប់ទល់​នឹង​វីរុស​ណា​មួយ​​។ លោក Sten H. Vermund អ្នកជំនាញផ្នែករោគឆ្លង និងជាព្រឹទ្ធបុរស​នៃសាលា​សុខភាព​សាធារណៈ​ Yale បា​ននិយាយថា ការយល់ឃើញបែបនេះ​គឺខុស​ទាំង​ស្រុង។​

ប្រភពដដែលបានឱ្យដឹងថា វ៉ាក់សាំងអាច​ការពារ​យើ​ងមិនឱ្យឆ្លងរោគ ប៉ុន្តែ​មិនមែន​បញ្ឈប់​មិន​ឱ្យ​ឈប់​ឆ្លង​រហូត​នោះ​​ទេ។ ហើយ​​មិនមែ​ន​ការ​ឆ្លង​ទាំង​អស់សុទ្ធតែ​មើល​ដឹង​នោះ​ទេ ពេលខ្លះ​វីរុស​អាច​មាន​នៅ​ក្នុង​ច្រមុះ​ ឬ មាត់​ ប៉ុន្តែ​មិន​បាន​បង្ក​ឱ្យមានរោគសញ្ញា​ផ្សេងទៀតដូចជា ​អស់កម្លាំង ឈឺក្បាល បាត់បង់ក្លិន ឬ រោគសញ្ញាកូវីដផ្សេងទៀត​នោះ​ទេ ករណីនេះ​គេ​ហៅថា​ asymptomatic ។ ដូច្នេះហើយទើប​ គេ​តម្រូវ​ឱ្យមាន​ការ​ធ្វើតេស្ត​ជា​ញឹក​ញាប់​ ដើម្បី​ឱ្យ​ដឹង​ថា​យើង​បាន​ឆ្លង​កូវីដ ១៩ ឬយ៉ាងណា។​

យោងតាម​កា​រប៉ាន់ប្រមាណ​របស់​មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) នៅចុ​ងខែ មេសា បានរាយការណ៍​​ អំពីករណីជាង ១ ម៉ឺនករណី​ ដែល​ឆ្លង​កូវីដ​-១៩ ក្នុង​ចំណោម​អ្នកចាក់​វ៉ាក់សាំងហើយ​ ១០១ លាននាក់​ (ឬប្រហែល ១ ករណីក្នុងចំណោមមនុស្ស ១០.០០០ នាក់)។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner