ថ្ងៃនេះលទ្ឋផលតេសរហ័សការយកសំណាកលើអាជីវករផ្សារលើជាលើកទី២ រកឃើញវិជ្ជមាន ១១នាក់ បន្ថែមទៀត

អត្ថបទដោយ៖
ធី ដា

កំពង់ឆ្នាំង ៖ មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២១នេះ បានបន្តចុះយកសំណាកលើអាជីវករផ្សារលើ ជាលើកទី២បន្តទៀត ដែលជាលទ្ធផលការធ្វើតេសរហ័ស ក្នុងចំណោមអាជីវករ ២៤៨នាក់រកឃើញវិជ្ជមានកូវីត១៩ចំនួន ១១នាក់ បន្ថែមទៀត ។

ជាមួយគ្នានេះរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃដដែលនេះ ក៏បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន ៤៦នាក់ បន្ថែមទៀត លើតេសរហ័ស កាលពីថ្ងៃទី២១ ខែកក្កដា ម្សិលម៉ិញ ។ ចំនួនតួលេខដ៍ច្រើន គួរឱ្យព្រួយបារម្ភបែបនេះ ប្រធានមន្ទីរសុខាភិបាលខេត្ត នៅតែបន្តទាមទារ ឲ្យប្រជាពលរដ្ឋចូលរួមប្រុងប្រយ័ត្នទាំងអស់គ្នា ដោយត្រូវបន្តអនុវត្ត៣កុំ ៣ការពារ ។

លោក ងិន ចាន់សារ៉េតប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិកំពង់ឆ្នាំង បានឲ្យដឹងថារយៈពេលមួយព្រឹកថ្ងៃទី២២ ខែកក្កដានេះយើងបានយកសំណាកជាលើកទី២ លើអាជីវករចំនួន ២៤៨នាក់ ហើយបានរកឃើញវិជ្ជមានចំនួន ១១នាក់ ការយកសំណាកលើអាជីវករលើកទី២នេះគឺក្នុងគោលបំណងពេលបើកឱ្យដំណើរការផ្សារឡើងវិញ ប្រកបដោយសុវត្ថិភាព ប៉ុន្តែបន្ទាប់ពីទទួលលទ្ធផលវិជ្ជមាន លើអាជីវករ ១១នាក់និង ការរកឃើញជាបន្តបន្ទាប់មានចំនួនច្រើននាក់បែបនេះមិនដឹងថា អាចឱ្យដំណើរការបានវិញដែរឬទេ ។

ដោយឡែកយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង ដែលចេញនៅថ្ងៃទី២២នេះ បញ្ជាក់ថា បានរកឃើញវិជ្ជមានកូវិដ១៩ ចំនួន ៤៦ (ស្រី ២៧នាក់) អ្នកទាំងនោះមាន អាជីវករ មន្ត្រីរាជការ គ្រូបង្រៀន អ្នកអ៊ុតសក់ និងបុគ្គលិកអង្គការ ក្នុងនោះ មាននៅក្នុងក្រុងកំពង់ឆ្នាំង ១៣នាក់, ស្រុកកំពង់លែង ១នាក់, ស្រុកជលគីរី ៨នាក់, ស្រុកទឹកផុស ១៧នាក់ និងស្រុករលាប្អៀរ ៨នាក់ ។

អ្នកវិជ្ជមានកូវីដ១៩ ទាំងនោះបានយកទៅដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ,មណ្ឌលព្យាបាលសាលា
បឋមសិក្សាគំរូក្រុង, មណ្ឌលព្យាបាលវិទ្យាល័យតេជោហ៊ុនសែនទឹកហូត, មណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនកំពង់ត្រឡាច, មណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនបរិបូណ៍, និងមណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនកំពង់លែង ។ ជាមួយគ្នានេះរដ្ឋបាលសាលាខេត្ត ក៏បានក៍បានបញ្ជាក់ពីចំនួនអ្នកជាសះស្បើយថ្មីចំនួន៤០ នាក់(ស្រី១៨ នាក់)ផងដែរ ដែលបានអនុញ្ញាតឲ្យចេញពីមណ្ឌលព្យាបាលទៅធ្វើចត្តាឡីស័កនៅលំនៅដ្ឋាន១៤ ថ្ងៃ ៕ ដោយ ៖ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner