គ្រឿងញៀនជាង ៥០គីឡូក្រាម និងជនសង្ស័យ ២នាក់ត្រូវសម្ថកិច្ចបង្ក្រាបបាន នៅរាជធានីភ្នំពេញ
សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៣កក្កដាឆ្នាំ២០២១ បានឲ្យដឹងថា សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១)ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ(ក១) នៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី២០កក្កដាឆ្នាំ២០២១ បានសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅ៤ចំណុចផ្សេងគ្នាជាបន្តបន្ទាប់។
ការបង្ក្រាប ទី១នៅចំណុច ផ្លូវលំ សង្កាត់ទួលសង្កែរ១ ខណ្ឌឬស្សីកែវ, ទី២ នៅចំណុច អតីតរោងចក្រទឹកដោះគោ លើផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែរ១ ខណ្ឌឬស្សីកែវ, ទី៣នៅចំណុចផ្ទះជួលលេខ១៣២៩ ផ្លូវ១០៣ ភូមិទួលថ្លាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ និងទី៤ ផ្ទះដេ២ ផ្លូវបេតុង ភូមិក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសសែនសុខ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ទី១ ឈ្មោះ សាន ពិសិដ្ឋ ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ និងម្នាក់ទៀត ឈ្មោះ សុខ ពន្លក ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ។
ជាមួយគ្នានោះ សមត្ថកិច្ចបានរឹបអូសសារធាតុញៀនសរុប៥០គីឡូក្រាម២៨៦ក្រាម៦៦មីលីក្រាម។ ក្នុងនោះ មានមេតំហ្វេតាមីន(ICE) ៣០កញ្ចប់ធំ ៤កញ្ចប់តូច ស្មើទម្ងន់ ៣០គីឡូក្រាម៣៤០ក្រាម, កេតាមីន(Ketamine) ២០កញ្ចប់ធំ ស្មើទម្ងន់ ១៩គីឡូក្រាម៩៤៦ក្រាម៦៦មីលីក្រាម។ ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕
វីដេអូ៖ https://www.facebook.com/watch/?v=556098708895443