វៀតណាម-អាមេរិកឈានដល់កិច្ចព្រមព្រៀងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដ១៩
រដ្ឋមន្ត្រីសុខាភិបាលវៀតណាម Nguyen Thanh Long បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៥ កក្កដា ២០២១ម្សិលមិញថា វៀតណាមបានឈានដល់កិច្ចព្រមព្រៀងស្តីពីការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ហើយ ដោយចាប់ផ្តើមផលិតនៅឆ្នាំក្រោយ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNexpress។
ផ្អែកតាមប្រភពដដែល លោករដ្ឋមន្ត្រីមិនបានផ្តល់ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះទេ ប៉ុន្តែលោកគ្រាន់តែបង្ហើបថា រោងចក្រផលិតវ៉ាក់សាំងអាចមានសមត្ថភាពផលិត២០០លានដូស ហើយនឹងចាប់ផ្តើមប្រតិបត្តិការផលិតក្នុងឆមាសដំបូងនៃឆ្នាំ២០២២ ខណៈដែលរោងចក្រកំពុងស្ថិតក្នុងដំណាក់កាលសាងសង់។
លោក Nguyen Thanh Long បន្ថែមទៀតថា វៀតណាមក៏បានឈានដល់កិច្ចព្រមព្រៀងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងជាមួយរុស្ស៊ីនិងជប៉ុនដែរ។ ការលើកឡើងរបស់លោករដ្ឋមន្ត្រីសុខាភិបាលវៀតណាមរូបនេះបានធ្វើឡើង ក្នុងសម័យប្រជុំសភាជាតិ លើកទី១ នីតិកាលទី១៥៕


