ព្រះសង្ឃ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ឃុំជ្រៃបាក់ ជាច្រើនបានចូលរួម ក្នុងពិធីផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
កំពង់ឆ្នាំង ៖ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងថ្លែងថា ការអនុវត្តតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងវិធានការរបស់ក្រសួងសុខាភិបាលបានខ្ជាប់ខ្ជួន គឺដើម្បីជៀសផុតពីការចម្លង
នៃមេរោគកូវីដ១៩ ។ ឯកឧត្តម អម សុភា បានថ្លែងបែបនេះ ក្នុងពិធីផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលរៀបចំឡើង នៅបរិវេណវត្តនិគ្រោធារាម ស្ថិតក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី26 ខែកក្កដា ឆ្នាំ2021នេះ ។
លោក អម សុភា បន្តថា បច្ចុប្បន្ននេះ ជំងឺកូវីដ១៩ មិនទាន់មានការថយចុះនៅឡើយទេ នៅបណ្តាប្រទេសជុំវិញពិភពលោកមានការឆ្លង និងស្លាប់ជាបន្តបន្ទាប់ ។
លោក អម សុភា ក៏បានអំពាវនាវដល់ប្រគេនដល់ព្រះសង្ឃនិងប្រជាពលរដ្ឋទាំងអស់សម្អាតខ្លួនអនាម័យជាប់ជាប្រចាំដោយលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែល ដើម្បីសម្លាប់មេរោគមុនពេលប៉ះពាល់នៅលើផ្ទៃមុខនិងពេលបរិភោគអាហារ ពិសេសអនុវត្តអោយបានខ្ជាប់ខ្លួនតាមវិធានការរបស់ប្រមុខរាជរដ្ឌាភិបាលនិងក្រសួងសុខាភិបាលដើម្បីទាំង
អស់គ្នាជៀសផុតពីជំងឺដ៏កាចសាហាវនេះ ។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ដោយគូសបញ្ជាក់ថា ការចម្លងនៃមេរោគកូវីដ និង វិធីសាស្ត្រទប់ស្កាត់កុំអោយឆ្លង គឺការអនុវត្តទៅតាមបច្ចេកទេស និង វិធានការនានារបស់ក្រសួងសុខាភិបាលបានត្រឹមត្រូវ ដូចជាកាលាងសំអាតដៃឲ្យបានញឹកញាប់ ការក្សាគំលាតសុវត្ថិភាព ពាក់ម៉ាស់ គឺពិតជាអាចទប់ស្កាត់បានការចម្លងនៃជំងឺកូវីដ១៩នេះ ប្រកបដោយប្រសិទ្ធភាព ។
ចុងបញ្ចប់ឯកឧត្តមបាននាំយកគ្រឿងឧបភោគបរិភោគរបស់ឯកឧត្តម អភិបាលខេត្តប្រគេនដល់ព្រះចៅអធិការវត្តសម្រាប់ផ្គត់ផ្គង់ក្នុងអំឡុងពេលព្រះសង្ឃចូលកាន់ព្រះវស្សាផងដែរ ៕ សុខ គឹមសៀន








