ប្រទេសម៉ាឡេស៊ី បានប្រកាសលទ្ធផលថ្មី «អវិជ្ជមាន» មេរោគកូរ៉ូណា Covid-19 នៅលើខ្លួនស្រ្តីជនជាតិអាមេរិកាំងវ័យ៨៣ឆ្នាំ
ប្រទេសម៉ាឡេស៊ី បានប្រកាសលទ្ធផលថ្មី «អវិជ្ជមាន» មេរោគកូរ៉ូណា Covid-19 នៅលើខ្លួនស្រ្តីជនជាតិអាមេរិកាំងវ័យ៨៣ឆ្នាំ ដែលធ្វើដំណើរចេញពីនាវាWesterdam។ ការបង្ហាញការធ្វើតេស្តនៅថ្ងៃនេះ បានផ្តល់នូវភាពយុត្តិធម៌សម្រាប់កម្ពុជា និងលើកកម្ពស់តម្លៃមនុស្សធម៌របស់ពិភពលោកឡើងវិញ។ កន្លងមក រដ្ឋាភិបាលម៉ាឡេស៊ី មិនច្បាស់លាស់ក្នុងការត្រួតពិនិត្យរបស់ខ្លួន បណ្តាលឱ្យមានការខកខានដល់ដំណើរវិលត្រឡប់របស់អ្នកដំណើរទេសចរណ៍តាមនាវា Westerdam និងប៉ះពាល់ដល់ទឹកចិត្តមនុស្សធម៌របស់កម្ពុជា។
ឥឡូវនេះយុត្តិធម៌មានហើយ តាមរយៈការប្រកាសចេញពីទីក្រុងកូឡាឡាំពួរមកថា ការធ្វើតេស្តពុំឃើញមានមេរោគកូរ៉ូណា(COVID-19) លើជនជាតិអាមេរិចកាំង ដែលជាអ្នកធ្វើដំណើរចេញពីនាវា Westerdamនោះទេ
សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ក្នុងសារសំឡេងនៅថ្ងៃទីសុក្រ ទី២១ខែកុម្ភ:ឆ្នាំ២០២០នេះថា ឥឡូវនេះយុត្តិធម៌ ទទួលបានហើយ តាមរយះការប្រកាសចេញពីទីក្រុងកូឡាឡាំពួរមកថា ការធ្វើតេស្តពុំឃើញមានមានមេរោគកូរ៉ូណា(COVID-19) លើជនជាតិអាមេរិចកាំង ដែលជាអ្នកធ្វើដំណើរចេញពីនាវា Westerdam នោះទេ ។ សម្តេចតេជោ នាយករដ្ឋមន្រ្តីមានប្រសាសន៍ថាពេលនេះសម្តេចចង់បានយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជាយើងផង និងសម្រាប់អ្នកដំណើរលើនាវាផង ហើយដោយសារតែរឿងហ្នឹងហើយ ដែលធ្វើឱ្យអ្នកទេសចរណ៍លើនាវាទាំងអស់ត្រូវគេរើសអើង រួចហើយធ្វើឱ្យអ្នកធ្វើដំណើរខកខានចេញពីប្រទេសកម្ពុជាទៅទៀត ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថានៅតែមានជំនឿលើស្រ្តីជនជាតិអាមេរិកាំងនោះ ថាគ្មានមេរោគកូរ៉ូណា(COVID-19) នោះទេ «រឿងអីប្រពន្ធកើត ហើយប្តីអត់កើត ព្រោះរស់នៅជាមួយគ្នា ជាពិសេសរស់នៅប្រាស្រ័យទាក់ទងជាមួយមនុស្សរាប់ពាន់នាក់លើនាវា» ឥឡូវយុត្តិធម៌យើងទទួលបានហើយ យើងត្រូវប្រើប្រាស់យុត្តិធម័នេះដើម្បីឲប្រជាពលរដ្ឋយើងបានដឹង បានឃើញ ព្រោះរឿងនេះជារឿងសំខាន់ណាស់សម្រាប់កិត្តិយសរបស់ប្រទេសនិងប្រជាជនកម្ពុជា។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន៕

