កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មី៥២នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងវីរុសនេះសរុបកើនឡើងដល់១៥៦នាក់
អត្ថបទដោយ៖
Kien Sereyvuth
កូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងត្បូងនៅថ្ងៃទី២១ ខែកុម្ភៈនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ ចំនួន៥២នាក់បន្ថែមទៀត ដែលប្រការនេះ ធ្វើឱ្យចំនួនអ្នកឆ្លងជម្ងឺរលាកសួតដ៏កាចសាហាវនេះ សរុបកើនឡើងដល់ ១៥៦ នាក់នៅទូទាំងប្រទេសអាស៊ីបូព៌ាមួយនេះ ។

បើតាមអាជ្ញាធរកូរ៉េខាងត្បូង ក្នុងចំណោម៥២ករណីថ្មីៗខាងលើមាន៤១ករណីត្រូវបានរកឃើញនៅទីក្រុងដេហ្គូ ដែលស្ថិតនៅចម្ងាយ៣០០គីឡូម៉ែតពីរដ្ឋធានីសេអ៊ូល ចំនែកឯ០៣ករណីផ្សេងទៀតត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋធានីសេអ៊ូលតែម្តង។

ឆ្លើយតបនឹងបញ្ហាខាងលើនេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានសម្រេចចិត្តដាក់ទីក្រុង ដេហ្គូ និងតំបន់ជិតខាងជាតំបន់គ្រប់គ្រងពិសេស បន្ទាប់ពីមានការកើនឡើងនូវចំនួនអ្នកឆ្លងរោគជាបន្តបន្ទាប់ និងករណីស្លាប់ដំបូងរបស់ខ្លួននៅទីនោះដោយសារតែឆ្លងជំងឺរលាកសួតដ៏កាចសាហាវមួយនេះ ៕

