បុរសម្នាក់បើករថយន្តកូរ៉ឡា ទៅកៀររថយន្តមួយគ្រឿង ចតស្ងៀមរងការខូចខាត រួចព្យាយាមបើករត់ ត្រូវប្រជាពលរដ្ឋដេញឃាត់ជាប់
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកូរ៉ូឡាមួយគ្រឿងមិនប្រយ័ត្នបានរេចង្កូតទៅកៀរនឹងរថយន្តហុីយ៉ាន់ដាយស្តារិច មួយគ្រឿងទៀតដែលម្ចាស់ចតនៅមុខផ្ទះបណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច កាលពីវេលាម៉ោង០៩ និង១០ នាទីយប់ថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២១ នៅខាងកើតមន្ទីរពេទ្យកុមារជាតិតាមបណ្ដោយផ្លូវ ២៥៣ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ហើយរថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់រហូតដល់ផ្លូវ៥៩៨កែងនិងផ្លូវរថភ្លើងត្រឡោកបែក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ត្រូវជនរងគ្រោះនិងបងប្អូនប្រជាពលរដ្ឋដេញឃាត់ជាប់។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តទំនើបម៉ាកហ៊ីយ៉ាន់ដាយស្តារិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BJ-1865ចតនៅមុខផ្ទះ ខណៈនោះក៏មានរថយន្តកូរ៉ូឡា មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AX-4864ធ្វើដំណើរតាមបណ្តោយផ្លូវ ២៥៣ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ដោយមិនប្រយ័ត្នបានរេចង្កូតមកខាងស្ដាំកៀរផ្នែករថយន្តខាងមុខបណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច ។ ភ្លាមនោះរថយន្តបង្កមិនបានឈប់ដោះស្រាយនោះទេបានព្យាយាមបើករត់ ត្រូវបានជនរងគ្រោះជិះដេញពីក្រោយទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍នេះនាំគ្នាជួយដេញរហូតដល់ចំណុចផ្លូវ៥៩៨ កែងនឹងផ្លូវរថភ្លើងត្រឡោកបែក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក បាននាំគ្នាឃាត់ជាប់ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានធ្វើការឃាត់អ្នកបើកបរនិងរថយន្ត រួចឱ្យភាគីទាំងពីរធ្វើការសម្រុះសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោងទើបខាងភាគីបង្កបានចេញសំណងចំនួន១៥០ដុល្លារទៅឲ្យភាគីខាងរងគ្រោះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ដោយ ៖ ជីម ភារ៉ា






