ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន៖មិនថាស្ថិតនៅក្នុងកាលៈទេសៈបែបណា ប្រទេសចិនតែងផ្តល់ការជ្រោមជ្រែង និងគាំទ្រដល់កម្ពុជា

ភ្នំពេញៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា មិនថាស្ថិតនៅក្នុងកាលៈទេសៈបែបណាទេ ប្រទេសចិនតែងផ្តល់ការជ្រោមជ្រែង និងគាំទ្រដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍដោយសមស្របទៅនឹងស្ថានភាពរបស់ប្រទេសខ្លួន ជាពិសេសផ្តល់ការគាំទ្រដល់ប្រទេសកម្ពុជាក្នុងការរក្សាស្ថិរភាព និងពន្លឿនការអភិវឌ្ឍ។

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ ស្តីពីដំណើរឆ្ពោះទៅកាន់ដំណាក់កាលនៃការវិវឌ្ឍថ្មីនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ដែលរៀបចំឡើងដោយផ្ទាល់នៅរដ្ឋធានីប៉េកាំង និងតាមអនឡាញនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានបន្តថា នៅក្នុងស្ថានភាពដ៏លំបាកនាពេលនេះ ដែលបង្កឡើងពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រទេសចិនបានរួមចំណែកយ៉ាងសកម្ម ក្នុងការរួមសហការជាមួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ ដោយបានផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជាយ៉ាងទៀងទាត់ និងទាន់ពេលវេលា ដើម្បីចាក់ជូនប្រជាពលរដ្ឋ ដែលនឹងអាចឈានទៅចាក់ជូនប្រជាពលរដ្ឋបានទូទាំងប្រទេស នាឆ្នាំ២០២២ខាងមុខ។ នៅក្នុងសុន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោក សម្តេចបានលើកឡើងថា គោលនយោបាយ «វ៉ាក់សាំងពហុភាគីនិយម» មានសារៈសំខាន់ណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជឿជាក់ថា ប្រទេសចិន ក៏បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្តារសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងអំឡុងពេលមុន និងក្រោយកូវីដ-១៩ផងដែរ។ ក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ទំនាក់ទំនងកម្ពុជា-ចិន បានស្ថិតក្នុងកម្រិតមួយខ្ពស់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ តែងឈរលើមូលដ្ឋាននៃការគោរពអធិបតេយ្យ និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ កម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលជំហរគោរពគោលនយាបាយចិនតែមួយ និងគាំទ្រគោលនយោបាយគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) និងការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដើម្បីឈានទៅតភ្ជាប់បណ្ដាប្រទេសក្នុងតំបន់អាស៊ីទាំងមូល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានរម្លឹកថា នៅក្នុងឱកាសខួប៧០ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងនាមអគ្គលេខាធិការមជ្ឈិមបក្សកម្មុយនីស្តចិន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានផ្ញើលិខិតអបអរសាទរមួយច្បាប់ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង បានវាយតម្លៃខ្ពស់ចំពោះគណបក្សប្រជាជនកម្ពុជា ក្នុងការបង្រួបបង្រួម និងដឹកនាំប្រជាជនកម្ពុជាចូលរួមក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ដោយបានរួមចំណែកជាវិជ្ជមានដល់ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង បានបញ្ជាក់នៅក្នុងលិខិតដដែលនោះថា ប្រទេសចិន និងកម្ពុជា គឺជាមិត្តដែកថែប និងជាសហគមន៍វាសនារួម ហើយទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ បានបន្តរីកចម្រើនក្នុងកម្រិតខ្ពស់រយៈពេលជាយូរល់ងណាស់មកហើយ។ ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺរាតត្បាតកូវីដ-១៩ ប្រទេសយើងទាំងពីរ កម្ពុជា-ចិន បានរួមសុខរួមទុក្ខជាមួយគ្នា និងជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ។

ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០០ នៃថ្ងៃបង្កើតគណបក្សកុម្មុយនីស្តចិន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតមួយច្បាប់ជូនទៅឯកឧត្តម ស៊ី ជិនពីង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសរំលេចថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនីស្តចិន សាធារណរដ្ឋប្រជាមានិតចិន សម្រេចបាននូវការឯកភាព ភាពសុខដុមរមនា និងវិបុលភាព។ បក្សកុម្មុយនីស្តចិន បានខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដោយសម្រេចបាននូវការលុបបំបាត់ភាពក្រីក្រ និងកសាងសង្គមរីកចម្រើនមធ្យមលើគ្រប់វិស័យ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកោតសរសើរយ៉ាងខ្លាំងចំពោះគំរូថ្មីរបស់គណបក្សកុម្មុយនីស្តចិន អំពីទំនាក់ទំនងរវាងគណបក្ស និងគណបក្សតាមរយៈការលើកកម្ពស់ការគោរពគ្នាទៅវិញទៅមក ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការស្វែងយល់ពីចំណុចរួម ដោយទុកភាពខុសគ្នានៅដោយឡែក។ ទន្ទឹមនឹងនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានប្ដេជ្ញាចិត្តដោយឥតងាករេ ក្នុងការពង្រឹង និងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិនគ្រប់ជាន់ថ្នាក់។

ពាក្យស្លោក «មិត្តល្អជួយគ្នាក្នុងគ្រាមានអាសន្ន» ជាពាក្យស្លោកដែលឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់អំពីលក្ខណៈនៃទំនាក់ទំនងកម្ពុជា-ចិននាពេលបច្ចុប្បន្ន។ ខ្ញុំជឿថា ប្រទេសចិនជាមិត្តដ៏ល្អរបស់កម្ពុជា ជាក់ស្ដែង នៅក្នុងស្ថានភាពលំបាក ដែលកម្ពុជាកំពុងតស៊ូប្រយុទ្ធជាមួយនឹងជំងឺរាតត្បាតកូវីដ-១៩នេះ ចិនបានជួយដល់កម្ពុជាយ៉ាងក្លៀវក្លា ទាំងជំនួយផ្នែកបច្ចេកទេស ទាំងផ្នែកសម្ភារ និងទាំងវ៉ាក់សាំង និងបានសម្របសម្រួល និងផ្ដល់អាទិភាពដល់កម្ពុជាក្នុងការបញ្ជាទិញវ៉ាក់សាំងផងដែរ។ ភាពរីកចម្រើននៃទំនាក់ទំនងប្រទេសយើងទាំងពីរ មានសម្ទុះលឿនខ្លាំងណាស់ លើគ្រប់វិស័យ ទាំងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។ ហេតុនេះ វេទិកាថ្ងៃនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញឱ្យអ្នកស្រាវជ្រាវ អ្នកនយោបាយ អ្នករៀបចំ និងអ្នកអនុវត្តគោលនយោបាយ និងតួងអង្គពាក់ព័ន្ធដទៃទៀត ក៏ដូចជាប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជា-ចិន ឱ្យរឹតតែស្រឡាញ់គ្នា ចេះការពារ ពង្រឹង និងបន្តពូនជ្រុំទំនាក់ទំនងជាមិត្តភាពនេះឱ្យបានគង់វង្សតរៀងទៅ។ ខ្ញុំក៏សង្ឃឹមផងដែរថា អ្នកចូលរួមនៅក្នុងវេទិកាថ្ងៃនេះ នឹងនាំយកនូវពុទ្ធិល្អៗរបស់វាគ្មិនកម្ពុជា និងចិន ទៅចែករំលែកដល់អ្នកស្រាវជ្រាវវ័យក្មេងនៃប្រទេសយើងទាំងពីរ ដើម្បីអភិវឌ្ឍប្រកបដោយចីរភាពនៃវប្បធម៌នយោបាយការទូតដ៏ថ្លៃថ្លារបស់ប្រទេសទាំងពីរ កម្ពុជា-ចិន៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner