ទំនាក់ទំនងកម្ពុជា-ចិន តែងឈរលើមូលដ្ឋានគោរព ផលប្រយោជន៍ អធិបតេយ្យ និងមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងគ្នាទេ
ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា-ចិន ជានិច្ចកាល តែងឈរលើមូលដ្ឋានគោរពអធិបតេយ្យ និងមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងគ្នា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ ក្នុងពិធីបើកវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ ស្តីពី «ដំណើរឆ្ពោះទៅកាន់ ដំណាក់កាលនៃការវិវឌ្ឍថ្មីនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន» ដែលរៀបចំឡើងតាមប្រព័ន្ធអនឡាញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។
លោក សុខ ទូច បញ្ជាក់ថា៖ «ទំនាក់ទំនងរវាងប្រទេសយើងទាំង ពីរ ជានិច្ចកាលតែងឈរលើមូលដ្ឋាននៃការគោរពអធិបតេយ្យ និងមិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងផងគ្នា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ កម្ពុជាតែងប្រកាន់ ខ្ជាប់នូវគោលជំហរគោរព «គោល នយាបាយចិន មួយ»។ លើសពីនេះទៅទៀត កម្ពុជាក៏មាន ទំនាក់ទំនងល្អជាមួយប្រទេសចិន ទាំងទ្វេភាគី និងពហុភាគី ក្នុងក្របខណ្ឌ អាស៊ាន ដូចជា អាស៊ាន+៣ អាស៊ាន+១ និងក្នុងក្របខណ្ឌមហាអនុតំបន់ទន្លេមេគង្គ និងយន្តការអន្តរជាតិដទៃទៀត»។
កម្ពុជា និងចិន ចាប់ផ្តើមបង្កើតទំនាក់ទំនងគ្នាជាផ្លូវការ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ក្រោមព្រះរាជតម្រិះព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងថ្នាក់ដឹកនាំជាន់មុនរបស់រដ្ឋាភិបាលចិន បន្ទាប់ពីមានជំនួបរវាងព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និង លោក ចូវ អ៊ីនឡាយ នៅក្នុងទីក្រុងបានឌុង ប្រទេសឥណ្ឌូនេស៊ី ក្នុងពេលចូលរួមសន្និសីទមិនចូលបក្សសម្ព័ន្ធនាខែមេសា ឆ្នាំ១៩៥៥។ ថ្វីបើមកដល់ពេលនេះ ទំនាក់ទំនងការទូតផ្លូវការរវាង កម្ពុជា និងចិន ទើបមានរយៈពេលជាង៦០ឆ្នាំក៏ពិតមែន ក៏ប៉ុន្តែទំនាក់ទំនង រវាងប្រទេសយើងទាំងពីរ មិនមែនទើបតែមានក្នុងរយៈពេលជាង ៦០ឆ្នាំចុងក្រោយនេះទេ គឺប្រទេសទាំងពីរបានមានទំនាក់ទំនងជាមួយគ្នាជាប្រវត្តិសាស្ត្ររាប់សតវត្សរ៍មកហើយ។
សម្តេចព្រះបរមរតនកោដិ នរោត្តម សីហនុ ទ្រង់បានបង្កើតឱ្យមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយប្រទេសចិន ហើយបានបន្តមកទៀតនេះគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាតួអង្គដ៏សំខាន់ក្នុងការពូនជ្រំទំនាក់ទំនង កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតប្រដូចបានទៅជា «មិត្តដែកថែប»។
លោក សុខ ទូច បញ្ជាក់ទៀតថា «ក្នុងកម្រិតនយោបាយ យើងឃើញថា ទំនាក់ទំនងរវាងប្រទេសយើងទាំង ពីរពេលនេះ បានមកដល់ចំណុចមួយគួរឱ្យមោទនៈ និងប្រកបដោយក្តីអំណរ ប៉ុន្តែ ក្នុងកម្រិតប្រជាជន ទំនាក់ទំនងរវាងប្រទេសយើងទាំង ពីរ ត្រូវបានឆ្លុះបញ្ចាំងក្នុងរូបភាពអវិជ្ជមានមួយចំនួននៅឡើយ ។ ក្នុង ស្ថានភាពនេះ វាទាមទារឱ្យយើងដែលជាអ្នកវិទ្យាសាស្ត្រ អង្គុយតុជាមួយគ្នាដើម្បីជជែកពិភាក្សាដោយលើកយកបញ្ហាប្រឈមនានា ដែលមានពីមុនមក និងកំពុងមាន យកមកបកស្រាយ និងស្វែងរកដំណោះស្រាយសមស្រប ដើម្បីផ្តល់ជាធាតុចូលជូនដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងជាស្ពាន ទំនាក់ទំនងរវាងប្រជាជនយើងទាំងពីរ កម្ពុជា-ចិន»។
នៅវិមានសន្តិភាព ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ អំឡុងពេល លោក វ៉ាង យី ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានអះអាងប្រាប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា ចិននៅតែបន្តគាំទ្រកម្ពុជាយ៉ាងរឹងមាំជាទីបំផុត ដែលធ្វើយ៉ាងណាឱ្យកម្ពុជា នៅតែបន្តរក្សាបាននូវអធិបតេយ្យ និងភាពថ្លៃថ្នូររបស់ខ្លួន។
នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ចិនបានក្លាយជាប្រទេសដើរតួនាទីដ៏សំខាន់ក្នុងការជួយកម្ពុជា ដើម្បីសម្រេចផែនការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសយកចិន ជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់ វ៉ាក់សាំង ៕











