ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិកចាប់ផ្តើមទាមទារអោយបុគ្គលិកដែលចាក់វ៉ាក់សាំងបង្ការ Covid-19 រួច ទើបអាចចូលធ្វើការបាន
អាមេរិក៖ ក្រុមហ៊ុន Twitter Inc បាននិងកំពុងបិទការិយាល័យដែលបានបើកឡើងវិញនៅក្នុងសហរដ្ឋអាមេរិក ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗដទៃទៀតបានដាក់ចេញនូវគោលការណ៍ថ្មីរួមគ្នា ដោយតម្រូវឱ្យតែបុគ្គលិកដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប៉ុណ្ណោះ ទើបអនុញ្ញាតអោយចូលធ្វើការ ចំពេលមានការកើនឡើងខ្លាំងករណីឆ្លងវីរុសបម្លែងខ្លួនថ្មី Delta ។
ក្រុមហ៊ុន Google និង Facebook បានប្រកាសព្រមគ្នានៅថ្ងៃពុធសប្តាហ៍នេះថា រាល់បុគ្គលិកដែលបម្រើការងារនៅសហរដ្ឋអាមេរិកទាំងអស់ តម្រូវអោយមានការចាក់វ៉ាក់សាំងរួច ទើបអនុញ្ញាតអោយចូលក្នុងការិយាល័យ ឬកន្លែងធ្វើការ ។ ករណីឆ្លងជំងឺកូវីដ១៩នៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងយ៉ាងគំហុកដោយ សារតែវីរុសបម្លែងខ្លួនថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌា ប៉ុន្តែវាបានឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស ហើយឥឡូវនេះបានរ៉ាប់រ៉ងរហូតដល់៨០ភាគរយសម្រាប់ករណីឆ្លងនៅអាមេរិក ។
ឆ្លើយតបនឹងបញ្ហាខាងលើនេះដែរ អាជ្ញាធរសុខាភិបាលអាមេរិកណែនាំអោយប្រជាជនខ្លួនដែលទទួលការចាក់វ៉ាក់សាំងពេញលេញ ឬពីរដូសហើយក៏ដោយ គួរតែពាក់ម៉ាសឡើងវិញនៅតាមទីសាធារណៈ នៅក្នុងតំបន់ផ្ទុះករណីឆ្លងជំងឺកូវីដថ្មីៗ ៕ ប្រភព៖ Reuters

