ផ្អាកការធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅរបស់ពលករខ្មែរ ដែលធ្វើការនៅថៃ មកព្រំដែនចំនួន ១៤ថ្ងៃ
រាជធានីភ្នំពេញ៖នៅថ្ងៃទី ៣០ ខែ កក្កដាឆ្នាំ ២០២១នេះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយស្តីពីកិច្ចសហការផ្អាកការធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅរបស់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃឆ្ពោះមកព្រំដែនកម្ពុជា-ថៃ ចំនួន ១៤ថ្ងៃ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានបញ្ជាក់ ថា យោងតាមវិធានការបិទខ្ទប់ភូមិសាស្ត្របណ្តាខេត្តមួយចំនួន ជាពិសេសខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងការរឹតបន្តឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន ក៏ដូចជាដើម្បីឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីនៅកម្ពុជា ក៏ដូចជាយោងលើវិធានការបិទខ្ទប់ការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ដែលកំពុងស្ថិតនៅជាធរមាននៅក្នុងប្រទេសថៃ នោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់បងប្អូនពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃដូចខាងក្រោម៖
១-កុំចល័តចេញពីកន្លែងស្នាក់នៅបច្ចុប្បន្នរបស់ខ្លួន ឆ្ពោះមកព្រំដែនកម្ពុជា-ថៃ ចំនួន ១៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកក្កដា នេះ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ ប្រសិនបើមានធុរៈចាំបាច់ ឬចប់ការងារត្រូវវិលត្រឡប់មកប្រទេសកម្ពុជាវិញ សូមបងប្អូនមេត្តារង់ចាំរហូតដល់ក្រោយថ្ងៃទី១២ ខែសីហា។
២-ប្រសិនជាបងប្អូនធ្វើដំណើរមកព្រំដែនកម្ពុជា-ថៃ តាមមធ្យោបាយណាមួយក៏ដោយ គឺបងប្អូននឹងត្រូវគេតម្រូវឱ្យធ្វើដំណើរវិលត្រឡប់ទៅកន្លែងដើមវិញ។ ម្ចាស់រថយន្ត ឬមេខ្យល់ ដែលបំផុស ឬដឹកជញ្ជូនបងប្អូនពលករគឺល្មើសនឹងបម្រាមរបស់អាជ្ញាធរថៃ ហើយត្រូវប្រឈមនឹងការចាត់វិធានការតាមច្បាប់ផងដែរ។
៣-ក្នុងរយៈពេលស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ប្រសិនជាបងប្អូនពលករមានបញ្ហានៅកន្លែងធ្វើការ ឬមានបញ្ហាជីវភាពលំបាកខ្លាំង គឺអាចទំនាក់ទំនងទៅស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ នៅរៀងរាល់ម៉ោងធ្វើការ (តាមរយៈទូរស័ព្ទលេខ 092 8050 561 ឬ 094 0925 905 ឬ 062 1413 009 ឬ 086 7999 957) ឬបងប្អូនអាចទំនាក់ទំនងទៅក្រុមការងារស្ម័គ្រចិត្តនៃ “ក្រុមការងារទឹកចិត្តពលករនៅថៃ” (តាមរយៈក្រុមតេឡេក្រាមឈ្មោះ “ជំនួយកូវីដ-១៩ នៅថៃ” https://t.me/helpkhmerinthailand) ដើម្បីស្ថានទូត ក៏ដូចជាក្រុមការងារស្ម័គ្រចិត្តពិនិត្យ និងខិតខំស្វែងរកដំណោះស្រាយជូនបងប្អូន។ បងប្អូនពលករ គួរខិតខំព្យាយាមទំនាក់ទំនងទៅលេខទូរស័ព្ទរបស់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសថៃ ដូចមានក្នុងឧបសម្ព័ន្ធ១ នៃសេចក្តីជូនដំណឹងនេះផងដែរ។
៤-ចំពោះបងប្អូនពលករដែលសង្ស័យថាខ្លួនមានវិជ្ជមានកូវីដ-១៩ ឬមានវិជ្ជមានកូវីដ-១៩ កម្រិតស្រាល ហើយមិនទាន់ដឹងថាត្រូវទំនាក់ទំនងទៅផ្នែកណា គឺបងប្អូនអាចទទួលការពិគ្រោះយោបល់អំពីការព្យាបាលជំងឺកូវីដ-១៩ តាមរយៈ ក្រុមតេឡេក្រាមឈ្មោះ “ពិគ្រោះកូវីដ-១៩ នៅថៃ” https://t.me/consultcovidinthailand” ដែលមានក្រុមគ្រូពេទ្យសម្រាប់ផ្តល់ប្រឹក្សាយោបល់បឋម និងមានក្រុមស្ម័គ្រចិត្ត ដើម្បីផ្តល់កញ្ចប់ថ្នាំព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលជូនបងប្អូនក្នុងករណីចាំបាច់។ បងប្អូនពលករ គួរខិតខំព្យាយាមទំនាក់ទំនងទៅលេខទូរស័ព្ទរបស់មន្ទីរពេទ្យ ឬអាជ្ញាធរថៃ ដែលមានសមត្ថកិច្ចក្នុងការយកសំណាក និងព្យាបាលជំងឺកូវីដ-១៩ ដូចមាននៅក្នុងឧបសម្ព័ន្ធ២ នៃសេចក្តីជូនដំណឹងនេះ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃទាំងអស់ជ្រាបជាព័ត៌មាន និងសូមកុំធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅបច្ចុប្បន្នរបស់ខ្លួនឱ្យសោះ ដើម្បីចៀសវៀងការប្រឈមនឹងវិធានការច្បាប់នានា និងចៀសវាងការចម្លងជំងឺកូវីដ-១៩ ដល់មិត្តភក្តិ និងក្រុមគ្រួសារ៕ដោយ៖ម៉ាដេប៉ូ



