រាជរដ្ឋាភិបាល បង្កើតក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ បរិក្ខា សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩
យោងតាមសេចក្ដីសម្រេចដែលចុះហត្ថលេខាដោយសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី៣០ កក្កដា ឆ្នាំ២០២១ បានបង្កើតក្រុមការងារសិក្សា និងស្រាវជ្រាវ រកឱសថ និងបរិក្ខាសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ចំណុះ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ក្រុមការងារនៅ មានសមាសភាព អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ TYDA លោកស្រីវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី ជាប្រធាន, រដ្ឋលេខាធិការក្រសួងប្រៃសណី លោក ជាប សត្ថារតន៍, សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលលោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ, ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកសាស្ត្រាចារ្យងីម៉េង និងនាយកវិទ្យាស្ថានសុខភាពសាធារណៈ លោកសាស្ត្រាចារ្យ ឈា ឆវណ្ណ ជាអនុប្រធាន ព្រមទាំងមានសមាជិក៩រូបទៀត។
ក្រុមការងារនោះ មានភារកិច្ចស្រាវជ្រាវ និងស្វែងរកឱសថដែលមានប្រសិទ្ធភាពខ្ពស់ និងដែលត្រូវបានប្រើប្រាស់សម្រាប់ការព្យាបាល ឬបង្ការជំងឺកូវីដ-១៩។
ទី២ មានភារកិច្ច សិក្សា ស្រាវជ្រាវ និងស្វែករកឧបករណ៍តេស្ដរកមេរោគកូវីដ-១៩ ដែលមានប្រសិទ្ធភាព, ភាពងាយស្រួលក្នុងការប្រើប្រាស់ និងតម្លៃទាបសមរម្យ។
ទី៣ មានភារកិច្ច សិក្សា ស្រាវជ្រាវ និងស្វែងរកបរិក្ខាពេទ្យចាំបាច់ដទៃទៀត ដើម្បីបម្រើឲ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩។
ទី៤ មានភារកិច្ចធ្វើទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនផលិតឱសថបរទេស ឬបណ្ដាញចែកចាយឱសថបរទេស ឬអង្គការ ឬភ្នាក់ងារអន្តរជាតិដែលធ្វើការពាក់ព័ន្ធនឹងឱសថ ដើម្បីស្វែងរកឱសថសម្រាប់ព្យាបាល ឬការបង្ការជំងឺកូវីដ-១៩ និងទទួលបាននូវព័ត៌មានចាំបាច់ផ្សេងៗពាក់ព័ន្ធនឹងឳសថនោះ។
ទី៥ ធ្វើទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនផលិត ឬបណ្ដាញចែកចាយឧបករណ៍តេស្ដរកមេរោគកូវីដ-១៩ និងបរិក្ខាដទៃទៀតសម្រាប់បម្រើឲ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីទទួលបានព័ត៌មានចាំបាច់ផ្សេងៗពាក់ពន្ធ័នឹងឧបរកណ៍តេស្ដ ឬបរិក្ខារទាំងនោះ។
ទី៦ មានភារកិច្ច សិក្សា អំពីសិក្ខាអំពីសុវត្ថិភាព និងប្រសិទ្ធភាពនៃឱសថ សម្រាប់បម្រើឲ្យការបង្ការ ឬការព្យាបាលជំងឺកូវីដ-១៩។
ទី៧ មានភារកិច្ច ផ្ដល់អនុសាសន៍អំពីការដាក់ឲ្យប្រើប្រាស់ឱសថសម្រាប់ការបង្ការ ឬព្យាបាលជំងឺកូវីដ-១៩។
ទី៨ មានភារកិច្ចផ្ដល់អនុសាសន៍អំពីការដាក់ឲ្យប្រើប្រាស់ឧបករណ៍តេស្ដរកមេរោគកូវីដ-១៩ ក៏ដូចជាបរិក្ខារដទៃទៀតសម្រាប់បម្រើឲ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩។
ទី៩ មានភារកិច្ចផ្ដល់អនុសាសន៍ពាក់ព័ន្ធនឹងការជំរុញការនាំចូលឱសថសម្រាប់ការបង្ការ ឬព្យាបាលជំងឺកូវីដ-១៩ និងឧបរកណ៍តេស្ដរកមេរោគកូវីដ-១៩ ក៏ដូចជាបរិក្ខារដទៃទៀតសម្រាប់បម្រើឲ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩។
ទី១០ មានភារកិច្ចផ្ដល់អនុសាសន៍ពាក់ព័ន្ធនឹងការជំរុញការចែកចាយឲ្យបានទូលំទូលាយនូវឱសថសម្រាប់ការបង្ការ ឬព្យាបាលជំងឺកូវីដ-១៩ ឬឧបករណ៍តេស្ដរហ័សរកមេរោគកូវីដ-១៩ នៅតាមឱសថស្ថាននានា ឬទីកន្លែងសមស្របផ្សេងទៀតនៅទូទាំងប្រទេស។
ទី១១ ចងក្រងរបាយការណ៍សិក្សា វិភាគ ស្រាវជ្រាវ និងផ្ដល់អនុសាសន៍ទាក់ទងនឹងឱសថសម្រាប់បង្ការ ឬការព្យាបាលជំងឺកូវីដ-១៩ និងឧបករណ៍តេស្ដរកមេរោគកូវីដ-១៩ ក៏ដូចជាបរិក្ខាដទៃទៀតសម្រាប់បម្រើឲ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជូនគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។
ទី ១២ មានភារកិច្ចអនុវត្តការងារផ្សេងៗទៀតតាមការចាំបាច់ ដើម្បីបម្រើឲ្យការបង្ការ ការព្យាបាល ឬការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងទី១៣ អនុវត្តន៍ការងារផ្សេងទៀត តាមការប្រគល់ភារកិច្ចរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។




