រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចបើកឱ្យដំណើរការលក់ដូរ ក្នុងផ្សារលើឡើងវិញ

អត្ថបទដោយ៖
ធី ដា

ខេត្តកំពង់ឆ្នំាង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសម្រេចអនុញ្ញាត ឲ្យបើកដំណើរការឡើងវិញ ផ្សារលើក្រុងកំពង់ឆ្នាំង ដែលមានទីតាំងភូមិសាស្ត្រ ក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បន្ទាប់ពីបានបិទ អស់រយៈពេល ២០ថ្ងៃ ដោយសារតែមានអាជីវករ ឆ្លងកូវីដ-១៩ ។

ក្នុងសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្ត បានបញ្ជាក់ដែរថា ផ្សាលើក្រុងកំពង់ឆ្នាំង ចាប់បើកឲ្យដំណើរការឡើងវិញចាប់ពីថ្ងៃទី៣០ ខែកក្កដានេះតទៅ ជាមួយគ្នានេះរដ្ឋបាលខេត្ត សូមឱ្យប្រជាពលរដ្ឋ ម្ចាស់តូបលក់ដូរទាំងអស់ ត្រូវបន្តចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ផ្សព្វផ្សាយ និងអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល ត្រូវថែទាំសុខភាពជាប្រចាំ និងលាងដៃ នឹងទឹកសាប៊ូអាកុល ពាក់ម៉ាក់ និងតាមការណែនាំ របស់រាជរដ្ឋាភិបាល៣.កុំ ៣.ការពារ ឲ្យបានខ្ជាប់ខ្ជួន ។

លោកវិជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង បានប្រាប់តាមទូរសព្ទ័ថា មុនដាក់ឱ្យដំណើរការឡើងវិញ ក្នុងបរិវេណផ្សារលើក្រុងកំពង់ឆ្នាំង មន្ត្រីជំនាញរបស់មន្ទីរ សុខាភិបាលខេត្ត បានចុះបាញ់ថ្នាំសម្លាប់មេរោគ ជាមុនសិន ជាមួយគ្នានេះ ក្នុងនាមមន្ទីរសុខាភិបាល សូមអំពាវនាវ ដល់បងប្អូនអាជីវករ ត្រូវអនុវត្តឱ្យបាននូវវិធានការនានា សម្រាប់ការទប់ស្កាត់ការរីករាលដាល ជម្ងឺកូវីត-១៩ ក្នុងគ្រួសារ និងសហគមន៍យើង ។

សូមរំឭកថា ផ្សារលើក្រុងកំពង់ឆ្នាំង បានបិទមិនឱ្យអាជីវករ ចូលលក់ដូរ ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីមន្ត្រី នៃមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង បានយកសំណាក់លើកទី១ រកឃើញអាជីវករ វិជ្ជមានកូវីដ-១៩ ចំនួន២២នាក់ ក្នុងចំណោម ២២៥នាក់ កាលពីថ្ងៃទី៩ ខែកក្កដា គឺមុន១ថ្ងៃ នៃការបិទផ្សារ ។

ទោះយ៉ាងនេះក្តី រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសម្រេចបើកឲ្យដំណើរការផ្សារលើ ស្ថិតក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ឡើងវិញ នៅថ្ងៃទី៣០ ខែកក្កដា បន្ទាប់ពីបិទរយៈពេល ២០ថ្ងៃមក ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner