មនុស្សជំនិតរបស់លោកកឹម សុខា៖មន្រ្តីបក្សកែទម្រង់កម្ពុជាបង្កើតរឿងបញ្ឆោត និងលាបពណ៌?

ភ្នំពេញៈ មនុស្សស្និទ្ធនឹងលោកកឹម សុខា បានប្រតិកម្មតប និងបានហៅការលើកឡើងរបស់លោក អ៊ូ ចន្ទរ័ត្ន និងលោក ផាន់ ច័ន្ទស័ក្តិ មន្ត្រីជាន់ខ្ពស់គណបក្សកែទម្រង់កម្ពុជា ដែលបានប្រើឈ្មោះលោក កឹម សុខា និងកូនស្រីរបស់លលោកកឹម សុខា អំពីការបង្កើតគណបក្សនយោបាយថ្មី គឺជាការបង្កើតរឿងបញ្ឆោត និងលាបពណ៌តែប៉ុណ្ណោះ។

លោក មុត ចន្ថា មនុស្សជំនិតរបស់លោកកឹម សុខា បានសរសេរនៅលើហ្វេសប៊ុកកាលពីម្សិលមិញថា លោក អ៊ូ ចន្ទរ័ត្ន អះអាងថាៈ «…បើលោក កឹម សុខា មានសិទ្ធិធ្វើនយោបាយឡើងវិញ គណបក្សកែទម្រង់កម្ពុជា នឹងមិនប្រជែងជាមួយលោក កឹម សុខា ឡើយ។ លោកថ្លែងថា គណបក្សកែទម្រង់កម្ពុជា អាចនឹងបញ្ឈប់សកម្មភាព ហើយថ្នាក់ដឹកនាំនៃគណបក្សនេះ អាចនឹងទៅចូលរួមជាមួយលោក កឹម សុខា វិញ…។»

លោក ចន្ថា បានបន្តថា លោក ផាន់ ចន្ទស័ក្តិ អះអាងថាៈ «…នៅចុងឆ្នាំ២០២១នេះ កញ្ញាកឹម មនោវិទ្យា ដែលជាកូនស្រីរបស់លោក កឹម សុខា អាចនឹងសរសេរលិខិតសុំទោសទៅកាន់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន…។»

ទាក់ទងទៅនឹងការលើកឡើងរបស់លោក អ៊ូ ច័ន្ទរ័ត្ន និងលោក ផាន់ ច័ន្ទស័ក្តិ ត្រូវបានលោក មុត ចន្ថា ចោទសួរថា តើបង្កើតបក្សឡើងដើម្បីដើរលាបពណ៌គេ និងចាំស៊ីឡាក់បែបនេះមែនទេ? ដោយសង្ឃឹមថា លោក ប៉ុល ហំម មិនដើរចោទ លាបពណ៌ ឬបញ្ឆោតចាំស៊ីឡាកទេ!។

លោក ផាន់ ច័ន្ទស័ក្តិ អតីតមេធាវីលោកកឹម សុខា បានបង្ហើបឲ្យដឹងថា នៅចុងឆ្នាំ២០២១ និងក្នុងឆ្នាំ២០២២ និងមានគណបក្សនយោបាយចំនួន០២ទៀតកើតឡើង។ ក្នុងអំឡុងខែតុលា ឬខែវិច្ឆិកា ខាងមុខនេះ កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា អាចនឹងសុំទោសសម្តេចតេជោ ហ៊ុន សែន ដែលខ្លួនបានធ្វើសកម្មភាពការទូតនយោបាយបំពានបម្រាមដែលសាលដីកាតុលាការកំពូលបានហាមឃាត់ និងវិលចូលប្រទេស ហើយសុំសិទ្ធិធ្វើនយោបាយ បង្កើតគណបក្សថ្មីមួយទៀត។

គួរកត់សម្គាល់ថា ចាប់តាំងពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតមកដល់ពេលនេះ មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សនេះ ចំនួនជាង២០រូបហើយ បានស្នើសុំសិទ្ធិធ្វើនយបាយឡើងវិញ និងបានបង្កើតគណបក្សថ្មីមានដូចជាៈ ក្រុមលោករៀល ខេមរិន្ទ្រ បង្កើតគណបក្សខ្មែរអភិរក្ស, ក្រុមលោក ជីវ កត្តា បង្កើតគណបក្សខ្មែរស្រឡាញ់ជាតិ, ក្រុមលោក អ៊ូ ច័ន្ទរ័ត្ន បង្កើតគណបក្សកែទម្រង់កម្ពុជា, ក្រុមលោក យ៉ែម បុញ្ញឫទ្ធិ បង្កើតគណបក្សកម្ពុជានិយម, គណបក្សបេះដូងជាតិ បង្កើតដោយក្រុមលោក អេង ឆៃអ៊ាង មូរ សុខហួរ, គណបក្សឆន្ទៈខ្មែរ បង្កើតដោយកូនប្រុសលោក គង់ គាំ។

បើតាមប្រភពព័ត៌មានច្បាស់ការណ៍បានប្រាប់ AMS ឱ្យដឹងថា នៅពេលខាងមុខនេះ នឹងមានមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិមួយចំនួនទៀត នឹងដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ នៅពេលទទួលបានសិទ្ធិធ្វើនយោបាយ ពួកគេនឹងដាក់ពាក្យស្នើសុំបង្កើតគណបក្សនយោបាយថ្មីផងដែរ ដើម្បីត្រៀមខ្លួននៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ ពីព្រោះគេបានដឹងថា គណបក្សសង្គ្រោះជាតិ នឹងមិនអាចរស់ឡើងវិញទេ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner