មន្ត្រីបរិស្ថានឃាត់ខ្លួនជនសង្ស័យ៥នាក់ រួមនឹងរណាយន្ត៤គ្រឿង បញ្ជូនមកកាន់មន្ទីរបរិស្ថានខេត្ត ពាក់ព័ន្ធ នឹងករណីកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់នៅស្រុកថាឡាបរិវ៉ាត់
ជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងជំនាញដែនជម្រកសត្វព្រៃព្រៃឡង់ នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ធ្វើការបង្រ្កាប និងឃាត់ខ្លួនបញ្ជូនមកកាន់មន្ទីរបរិស្ថានខេត្ត ដើម្បីសាកសួរ និងធ្វើកំណត់ហេតុ ពាក់ព័ន្ធនឹងករណីកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ ។
ការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ក្នុងគ្រាដែលមន្ត្រីដែនជម្រកសត្វព្រៃព្រៃឡង់ ចុះល្បាតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ។
ក្នុងសកម្មភាពចុះល្បាតនោះ ក្រោមការសហការគ្នារវាងលោក ទូច វិចិត្រ អនុប្រធានការិយា ល័យដែនជម្រកសត្វព្រៃស្តីទី រួមជាមួយនិងលោក ម៉ម ដារ៉ា ប្រធានស្នាក់ការដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្រោមការបញ្ជាផ្ទាល់ពីលោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត ដើម្បីទប់ស្កាត់ និង បង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃផងដែរ ។ រីឯការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ពាក់ព័ន្ធនិងកាប់បំផ្លាញព្រៃឈើនេះដែរ ជំនាញធ្វើឡើងត្រង់ចំណុចព្រៃស្រះ៣ ត្រង់ព្រំប្រទល់ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ស្ថិតក្នុងភូមិសាស្ត្រភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខណៈជនសង្ស័យទាំង៥នាក់ កំពុធ្វើសកម្មភាពកាប់រំលំដើមឈើ និងជ្រៀកឈើនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ។
លោក ម៉ម ដារ៉ាប្រធានស្នាក់ការដែនជម្រកសត្វព្រៃ ព្រៃឡង់ បានឲ្យដឹងដែរថា៖ ក្រោយការឃាត់ខ្លួនជនសង្ស័យរួចមក មន្រ្តីជំនាញក៏បាននាំយកជនសង្ស័យមកកាន់ស្នាក់ការដែនជម្រកសត្វព្រៃព្រៃឡង់ ។ លុះព្រឹកឡើងនៅថ្ងៃទី០១សីហា ឆ្នំា២០២១ មន្ត្រីដែនជម្រកសត្វព្រៃ ព្រៃឡង់ បានបញ្ជូនជនសង្ស័យបន្តមកកាន់មន្ទីរបរិស្ថាខេត្តដើម្បីចងក្រងសំណុំឯកសារ ត្រៀមបញ្ជូនទៅកាន់តុលាការ ។ ជនសង្ស័យទាំង៥នាក់ដែលឃាត់ខ្លួននោះមានដូចជា៖ ទី១ឈ្មោះ កែវ លី ភេទប្រុស អាយុ២៥ឆ្នាំ. ទី២ឈ្មោះ មាស ហាន ភេទប្រុសអាយុ២៩ឆ្នាំ .ទី៣ឈ្មោះ ឌី ហឿ ភេទប្រុស អាយុ២៤ឆ្នាំ. ទី៤ឈ្មោះ ទេត ខេម ភេទប្រុស អាយុ៣១ឆ្នាំ ,និងទី៥ឈ្មោះ វាយ ធុន ភេទប្រុស អាយុ២៤ឆ្នាំ។ ជនសង្ស័យទាំង៥នាក់ខាងលើរស់នៅភូមិច្រេត ឃុំច្រេត ស្រុកជ័យសែន ខេត្តព្រះវិហារ ។ ក្នុងនោះកម្លាំងជំនាញធ្វើការដកហូតបានវត្ថុតាងរួមមានរណាយន្ត៤គ្រឿង យកមកកាន់មន្ទីរបរិស្ថានខេត្តដើម្បីអនុវត្តតាមនីតិវិធី ។
សូមបញ្ជាក់ថា ក្នុងពេលចុះល្បាតនោះក្រុមមន្ត្រីដែនជម្រកសត្វព្រៃព្រៃឡង់បានប្រទះឃើញ ម៉ូតូដឹកឈើមួយគ្រឿង ត្រង់ចំណុចផ្លូវបំបែកចូលទៅភូមិទន្សោង គ្រានោះជំនាញបានដកហូតនូវវត្ថុតាងបទល្មើសឈើប្រភេទកកោះចំនួន៤សន្លឹកធំៗ យកមករក្សាទុកនៅស្នាក់ការរងក្នុងស្រុកសៀមបូក និងបានធ្វើកិច្ចសន្យាអប់រំណែនាំច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងបានប្រគល់ម៉ូតូឲ្យត្រឡប់ទៅផ្ទះវិញផងដែរ ៕ ម៉ាវិន






