តើអតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Nethanyahu គ្រោងធ្វើការទម្លាក់រដ្ឋាភិបាលថ្មីយ៉ាងដូចម្ដេច?
សុខ វេងឈាង
បន្ថែមពីលើបញ្ហាជាច្រើនដែលនាយករដ្ឋមន្ត្រីថ្មីរបស់អ៊ីស្រាអែល Naftali Bennett ជួបប្រឈមក្នុងការព្យាយាមរក្សាស្ថិរភាពនៃសម្ព័ន្ធភាពកាន់អំណាចដ៏ផុយស្រួយ ក្រុមអ្នកវិភាគក៏សង្កេតឃើញថាលោកក៏ប្រឈមនឹងការប៉ុនប៉ងរបស់អ្នកកាន់តំណែងនេះមុនគឺលោក Benjamin Nethanyahu ក្នុងការរារាំង និងទម្លាក់រដ្ឋាភិបាលនេះ។
កាលពីពាក់កណ្ដាលខែមិថុនា សភាអ៊ីស្រាអែលបានបានបោះឆ្នោតឱ្យរដ្ឋាភិបាល ដែលមានការចូលរួមពីគណបក្សមាននិន្នាការខុសៗគ្នា របស់លោក Bennett ចូលកាន់អំណាច ហើយបញ្ចប់ការគ្រប់គ្រង១២ឆ្នាំរបស់លោក Nethanyahu ដែលបានបរាជ័យក្នុងការបង្កើតរដ្ឋាភិបាល បន្ទាប់ពីការបោះឆ្នោតជាលើកទីបួនក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
ការធ្លាក់ពីតំណែងក៏បានធ្វើឱ្យលោក Nethanyahu បរាជ័យក្នុងផែនការបង្កើតអភ័យឯកសិទ្ធិសម្រាប់ខ្លួនលោកផ្ទាល់ពីការផ្ដន្ទាទោសជុំវិញការចោទប្រកាន់អំពើពុករលួយ។ ការប្រឈមនឹងការជំនុំជម្រះក្ដីនៅតុលាការជុំវិញការចោទប្រកាន់នេះ បានធ្វើឱ្យលោក Nethanyahu កាន់តែចង់ត្រឡប់មកកាន់អំណាចវិញ ហើយក្នុងនាមជាមេដឹកនាំសម្ព័ភាពប្រឆាំង និងប្រធានបក្សធំជាងគេក្នុងសភា លោកនិងសម្ព័ន្ធមិត្តរបស់លោកបានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីរារាំងការងាររបស់រដ្ឋាភិបាលថ្មី។
លោក Ian Lustick សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Pennsylvania បានប្រាប់សារព័ត៌មាន Al Jazeeraថាលោក Nethanyahu បានប្រើប្រាស់យុទ្ធសាស្ត្រគោលចំនួនបី ក្នុងការព្យាយាមដើម្បីត្រឡប់មកកាន់អំណាច និងជៀសពីការផ្ដន្ទាទោសដោយតុលាការ។
យុទ្ធសាស្ត្រទី១ គឺការប្រើប្រាស់គ្រប់នីតិវិធី ការប្រមាថ និងការលាបពណ៌ ដើម្បីបង្កើតរូបភាពថារដ្ឋាភិបាលថ្មីគឺមិនស្របច្បាប់ ឬបង្កើតដោយការក្លែងបន្លំ និងដើម្បីជ្រៀតជ្រែកសិទ្ធអំណាចរបស់លោក Bennett។ យុទ្ធសាស្ត្រនេះរួមមានការរំខានដល់សម័យប្រជុំសភា ការបដិសេធមិនចាកចេញពីវិមាននាយករដ្ឋមន្ត្រី ហើយការជំរុញឱ្យអ្នកគាំទ្របន្តហៅលោក Nethanyahu ថាលោកនាយករដ្ឋមន្ត្រី។ ថ្មីៗនេះលោក Nethanyahu បានធ្វើសកម្មភាពដូចលោកនៅកាន់អំណាច ដែលរួមមានការប្រកាសថាលោកបានជួបជាមួយក្រុមហ៊ុន Moderna និង Pfizer ដើម្បីបញ្ជាទិញវ៉ាក់សាំងសម្រាប់អ៊ីស្រាអែល។
យុទ្ធសាស្ត្រ ទី២ គឺការប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដើម្បីពន្យារការអនុម័តសេចក្ដីព្រាងច្បាប់របស់រដ្ឋាភិបាល ហើយធ្វើសំណើសេចក្ដីព្រាងច្បាប់ជាច្រើនលើប្រធានបទដ៏ចម្រូងចម្រាស ក្នុងបំណងបង្កភាពតានតឹង ភាពបែកបាក់រវាងគណបក្សនានាក្នុងសម្ព័ន្ធភាពកាន់អំណាច ដែលមាននិន្នាការនយោបាយខុសៗគ្នា។
យុទ្ធសាស្ត្រ ទី៣ គឺការព្យាយាមទាក់ទាញសមាជិកសម្ព័ន្ធភាពកាន់អំណាច ដូចជារដ្ឋមន្ត្រីការពារជាតិលោក Benny Gantz ឱ្យបោះបង់កិច្ចព្រមព្រៀងជាមួយលោក Bennett ហើយមកចូលរួមការបង្កើតរដ្ឋាភិបាលជាមួយលោក Nethanyahu វិញ។
ដោយប្រើយុទ្ធសាស្ត្រទាំងនេះលោក Nethanyahu បានធ្វើរដ្ឋាភិបាលថ្មីនេះទទួលបានបរាជ័យការអនុម័តធំៗមួយចំនួនទៅហើយ។ ជាងនេះទៅទៀតដោយសាររដ្ឋាភិបាលនេះជារដ្ឋាភិបាលរបស់អ្នកនយោបាយដែលមានបទពិសោធន៍តិចតួច ពួកគេបានមានកំហុសឆ្គងជាច្រើនក្នុងខែកាន់អំណាចដំបូង ដូចជានៅពេលដែលប្រធានលោក Mickey Levy បានច្រឡំបោះឆ្នោតប្រឆាំងសេចក្ដីព្រាងច្បាប់គាំទ្រដោយរដ្ឋាភិបាល។
ប៉ុន្តែអ្នកវិភាគមួយចំនួនគិតថារដ្ឋាភិបាលនេះនឹងរៀនមេរៀនពីកំហុសទាំងនេះ ហើយក៏បានបង្ហាញពីភាពប៉ិនប្រសប់ផងដែរក្នុងការប្រឆាំងការប៉ុនប៉ងរបស់លោក Nethanyahu ក្នុងការបំផ្លិចបំផ្លាញ និងបានធ្វើការជៀសវាងប្រធានបទដ៏ចម្រូងចម្រាសដែលអាចពង្រីកការបែកបាក់នៅក្នុងសម្ព័ន្ធភាព។ សំខាន់ជាងនេះទៅទៀត សម្ព័ន្ធភាពនេះមានការរួបរួមគ្នាក្នុងការស្អប់លោក Nethanyahu៕
Source: https://www.aljazeera.com/news/2021/7/31/how-netanyahu-plans-to-bring-down-israels-new-government



