ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៧ពាន់៩៧០ករណី និងស្លាប់១៧៨នាក់ទៀតនៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ
ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃចន្ទនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៧ពាន់៩៧០ករណី និងស្លាប់១៧៨នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។
នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១ម៉ឺន៧ពាន់៧៩៥ករណីជាប្រជាជនទូទៅ និង ១៧៥ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៦០ម៉ឺន៤ពាន់៤២១ករណី ក្នុងនោះមានអ្នកជំងឺ៣៩ម៉ឺន១ពាន់៨១៥នាក់បានជាសះស្បើយឡើងវិញ ។ ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៦៣ម៉ឺន៣ពាន់២៨៤ករណី និងអ្នកជំងឺ៤១ម៉ឺន៩ពាន់២៤១នាក់បានជាសះស្បើយឡើងវិញ ។
ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៥ពាន់៧៧នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៥ពាន់១៦៨នាក់ ៕ ប្រភព៖ Bangkok Post

