ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko លើកឡើងពីលទ្ធភាពដែលអាចអញ្ជើញកងទ័ពរុស្ស៊ីចូលមកក្នុងប្រទេស ដើម្បីធានាសន្តិសុខរបស់ប្រទេសទាំងពីរ
នៅក្នុងសុន្ទរកថាជាមួយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Belta កាលពីថ្ងៃសុក្រ ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko លើកឡើងពីលទ្ធភាពដែលអាចអញ្ជើញកងទ័ពរុស្ស៊ីចូលមកក្នុងប្រទេស ដើម្បីធានាសន្តិសុខរបស់ប្រទេសទាំងពីរ។
លោក បានសង្កត់ធ្ងន់ពីវិធីដោះស្រាយបញ្ហាបាតុកម្មប្រឆាំងរដ្ឋាភិបាលកាលពីឆ្នាំមុន ដោយមិនមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសផ្សេងទៀត។ ប៉ុន្តែលោកបន្ថែមថា លោកនឹងមិនស្ទាក់ស្ទើរក្នុងការទទួលជំនួយពីកងទ័ពរុស្ស៊ីឡើយក្នុងករណីចាំបាច់។
កំឡុងពេលមានវិបត្តិនយោបាយដែលបានកើតឡើងនៅបេឡារុសបន្ទាប់ពីការជាប់ឆ្នោតឡើងវិញរបស់លោក Lukashenko ក្នុងអាណត្តិទី៦ ឆ្នាំ២០២០ រុស្ស៊ីបានសន្យាគាំទ្រយោធារបស់ខ្លួន និងបានផ្តល់ប្រាក់កម្ចីចំនួន ១,៥ ប៊ីលានដុល្លារ សម្រាប់សេដ្ឋកិច្ចបេឡារុស។
សម្រាប់ជ័យជំនះលើការបោះឆ្នោតនេះ លោក Lukashenko បានប្រឈមមុខនឹងការតវ៉ាជាច្រើនខែពីក្រុមអ្នកតវ៉ា ដោយគណបក្សប្រឆាំងមើលឃើញថាមានភាពមិនប្រក្រតី ហើយមនុស្សជាង ៣ម៉ឺន ៥ពាន់នាក់ត្រូវបានចាប់ខ្លួនកំឡុងពេលបាតុកម្មនេះ។

ប្រភព៖ AP