ច្រើនជាង ១០០នាក់បានបាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់នៅប្រទេសអាហ្វហ្គានីស្ថាន

យ៉ាង​តិច​មាន​មនុស្ស ១១៣នាក់​បាន​បាត់បង់​ជីវិត ដោយ​គ្រោះ​ទឹក​ជំនន់​នៅ​ខេត្ត Nuristan ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេស​អាហ្វហ្គានីស្ថាន ខណៈ​មនុស្ស​ជា​ច្រើន​នាក់​ទៀត​កំពុង​តែ​បាត់​ខ្លួន នេះ​បើ​តាម​តួលេខ​ ដែល​ផ្ដល់​ដោយ​អាជ្ញាធរ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​។

គ្រោះ​ទឹកជំនន់​កំពុង​តែ​វាយ​ប្រហារ​ខេត្ត​ភាគ​កើត​ជាប់​នឹង​ព្រំដែន​ប៉ាគីស្ថាន​ ក្រោយ​ពី​ភ្លៀង​យ៉ាង​ធំ​មួយ​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន។ ខេត្ត​នេះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​ឧទ្ទាម​តាលីបង់ ខណៈ​ក្រុម​សង្គ្រោះ​កំពុង​តែ​ធ្វើ​ប្រតិបត្តិ​ស្វែងរក​របស់​ខ្លួន​នៅ​ក្នុង​ថ្ងៃ​អាទិត្យ។

អាជ្ញាធរ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឱ្យ​ដឹង​ថា ផ្ទះ​ចំនួន ១៧០ខ្នង​ត្រូវ​បាន​កម្ទេច​ទាំង​ស្រុង ឬ កម្ទេច​ដោយ​ផ្នែក​ណា​មួយ ខណៈ​ប្រជាជន​ ៣០០គ្រួសារ​រង​ការ​ប៉ះពាល់​ពី​ទឹក​ជំនន់​នេះ។

ការ​ដឹក​ជញ្ជូន​ជំនួយ​ចាំ​បាច់​មួយ​ចំនួន​ដូច​ជា ស្បៀង​អាហារ ជម្រក​បណ្ដោះអាសន្ន ក៏​ដូច​ជា ថ្នាំ​សង្កូវ មិន​អាច​ធ្វើ​ទៅ​បាន​ ក៏​ព្រោះ​តែ​ទឹក​ជំនន់​កាត់​ផ្ដាច់​ស្ពាន​ធំ​មួយ​នៅ​តំបន់​នោះ ហើយ​នៅ​ទីនោះ​ទៀត​សោត​កំពុង​កាន់កាប់​ដោយ​ក្រុម​តាលីបង់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner