សម្តេចពិជ័យសេនា ទៀ បាញ់៖ រយៈពេលបីខែចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ បានជាង៧០ភាគរយ

ភ្នំពេញៈសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ AMS ថា រយៈពេល៣ខែ (៣១ មេសា-៣១ កក្កដា) នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាទ្រង់ទ្រាយធំជូនដល់ប្រជាពលរដ្ឋនៅតំបន់ក្រហមតាមប្រសាសន៍ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានយកវ៉ាក់សាំងទៅស្រោចនៅតំបន់មួយចំនួន។ ចាប់តាំងពីថ្ងៃបើកយុទ្ធនាការ ថ្ងៃទី៣១ ខែមេសា មកដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ គម្រប់ខួប៣ខែ យើងបានរួមចំណែកយ៉ាងសំខាន់ក្នុងការយកវ៉ាក់សាំងទៅចាក់ចូលរាងកាយប្រជាពលរដ្ឋ ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ការយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចពីសំណាក់កងយោធពលខេមរភូមិន្ទ ដូច្នេះពេទ្យរបស់កងយោធពលខេមរភូមិន្ទ គឺបានធ្វើយ៉ាងល្អប្រពៃ។ ក្នុងរយៈពេលបីខែ គឺចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋបានយ៉ាងច្រើនជាង៧០ភាគរយ។ ក្នុងនោះមានមួយផ្នែកកងយោធពលខេមរភូមិន្ទបានរួមចំណែកធ្វើកិច្ចការងារនេះ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលបច្ចុប្បន្ន រកបានវ៉ាក់សាំងប្រមាណ១៨លានដូសហើយ។ ក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។ វ៉ាក់សាំងប្រមាណ១៧លានដូស ភាគច្រើនជាវ៉ាក់សាំងរបស់ចិន គឺស៊ីណូហ្វាម និងស៊ីណូវ៉ាក់។

តាមផែនការនៅត្រឹមខែសីហានេះ កម្ពុជា នឹងទទួលបានវ៉ាក់សាំងគ្រប់២០លានដូសសម្រាប់ចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង ដែលមានចំនួនប្រមាណ១០លាននាក់។ កម្ពុជា ក៏បានបញ្ជាទិញវ៉ាក់សាំងប្រមាណ៥លានដូសបន្ថែមទៀត សម្រាប់ចាក់ជូនក្មេង និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ។ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាង៧លាននាក់ហើយ បានចាក់វ៉ាក់សាំងរួចរាល់៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner