កីឡាប្រដាល់ ម៉ូយថៃ ត្រូវបានទទួលស្គាល់ដោយគណៈ កម្មាធិការអូឡាំពិកអន្តរជាតិ ប៉ុន្តែមិនមែនជាប្រភេទកីឡាលេង នៅអូឡាំពិកនោះទេ

បន្ទាប់ពីលេចឭថា ប្រដាល់ម៉ូយថៃ ត្រូវបានអូឡាំពិកអន្តរជាតិ I O C ទទួលស្គាល់ជាសហព័ន្ធសមាជិក នៅក្នុងកិច្ចប្រជុំមហាសន្នបាត គណៈកម្មាធិការអូឡាំពិកអន្តរជាតិ នាទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលធ្វើឲ្យអ្នកគាំទ្រគុនខ្មែរ មិនពេញចិត្តចំពោះការទទួលស្គាល់នេះ ។


ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការអូឡាំពិកកម្ពុជា និងជានាយបេសកម្មដឹកនាំអត្តពលិកកម្ពុជា ចូលរួម ព្រឹត្តិការណ៍អូឡាំពិក បានថ្លែងប្រាប់ពី ទីក្រុងតូក្យូ ប្រទេសជប៉ុនថា ការទទួលស្គាល់ប្រដាល់ម៉ូយថៃ ជាសហព័ន្ធកីឡាម៉ូយថៃអន្តរជាតិ វាគ្រាន់តែជាការទទួលស្គាល់ជាប្រភេទកីឡាអន្តរជាតិប៉ុណ្ណោះ ។

ដូច្នោះសូមប្រជាពលរដ្ឋកម្ពុជារក្សាចិត្តនឹងន ព្រោះប្រដាល់ម៉ូយថៃ មិនមែនគុនខ្មែរទេ គុនខ្មែរគឺគុនខ្មែរ គឺដាច់ដោយឡែកពីគ្នា ។ ហេតុនេះហើយ សូមបងប្អូនខ្មែរ ខិតខំថែរក្សាអភិរក្សគុនខ្មែរ ដែលជារតនៈសម្បត្តិរបស់យើងអោយបានគង់វង់ ។ អគ្គលេខាធិការអូឡាំពិកកម្ពុជា និងជានាយបេសកម្មរូបនេះ បានពន្យល់ថា ការទទួលស្គាល់ប្រដាល់ម៉ូយថៃ ជាសហព័ន្ធកីឡាម៉ូយថៃអន្តរជាតិនេះ ដូចប្រភេទកីឡាផ្សេងទៀតដែរ មិនមានន័យថា ជាប្រភេទកីឡាប្រកួត ក្នុងអូឡាំពិកនោះទេ ។


ឯកឧត្តម អគ្គលេខាធិការ ក៏បានគូបញ្ជាក់ បន្ថែមទៀតថា កីឡាគុនខ្មែរក៏អាចនឹងអូឡាំពិកអន្តរជាតិទទួលស្គាល់ដែរនាពេលអនាគត ប្រសិនបើគុនខ្មែរអាចគៀងគរប្រទេសសមាជិកបានច្រើន ចាប់ពី៧៥ប្រទេសឡើងទៅ ។ ហើយពេលនេះ សម្រាប់គុនខ្មែរ យើងក៏កំពុងតែខិតខំប្រឹងប្រែង ឲ្យគណៈកម្មាធិការអូឡាំពិកអន្តរជាតិទទួលស្គាល់ផងដែរ ។


សូមបញ្ជាក់ថា ការទទួលស្គាល់កីឡាម៉ូយថៃ ជាសហព័ន្ធកីឡាម៉ូយថៃអន្តរជាតិ ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិនេះ មិនមែនអនុញ្ញាតដាក់ប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនោះទេ វាគ្រាន់តែជាការទទួលស្គាល់ជាចលនាកីឡាអន្តរជាតិប៉ុណ្ណោះ ។
សូមរំលឹកថា ប្រដាល់គុនខ្មែរ ជាក្បាច់គុនបុរាណរបស់ខ្មែរ ដែលមានប្រវត្តិដ៏យូលុងណាស់មកហើយ និងមានឆ្លាក់រចនាជាតឹកតាង លើជញ្ជាំងប្រាសាទបូរាណផងដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner