ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២១
នាយកដ្ឋានបណ្តុះបណ្តាល : នៅនាយកដ្ឋានបណ្តុះបណ្តាល នាព្រឹកថ្ងៃ ទី០៣ ខែ សីហា ឆ្នាំ ២០២១មានបើកកិច្ចប្រជុំពីចម្ងាយ តាមកម្មវិធី Zoom Cloud Meeting ដឹកនាំកិច្ចប្រជុំដោយឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល ដើម្បីបូកសរុបលទ្ធផលប្រចាំឆមាសទី១និងលើកទិសដៅបន្តសម្រាប់ឆមាសទី២ របស់នាយកដ្ឋានបណ្តុះបណ្តាល ដោយមានការអញ្ជើ្ញញចូលរួមពីអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យទាំង៦ ប្រធានក្រុមធានាគុណភាពផ្ទៃក្នុង និងនាយកសាលានគរបាលជាតិភូមិភាគទាំង៦ សរុបចំនួន៩៩នាក់(នារី១៥នាក់) ។
ជាកិច្ចដំបូង ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន បានមានមតិស្វាគមន៍និងកោតសរសើរមន្ត្រីទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ទោះបីជាមានបញ្ហាការឆ្លងរាតត្បាតជំងឺកូវីដ-១៩នាពេលនេះក៏ដោយ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមប្រធានអង្គប្រជុំ បានលើកឡើងអំពីការថែទាំសុខភាពរបស់មន្ត្រីគ្រប់រូប មន្ត្រីគ្រប់រូបត្រូវមានបណ្ណ ប.ស.ស. ការពង្រឹងវិន័យការងារ ការគ្រប់គ្រងសាលា ការកែតម្រូវការគូរប្លង់មេសាលា និងការត្រៀមបើកវគ្គនាពេលខាងមុខ។ បន្ថែមលើនោះ ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានក្រើនរំឮក ដាសតឿនដល់នាយកសាលាទាំង៦រួមនិងមន្ត្រី ត្រូវបន្តដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍសាលា ឱ្យបានរលូនទៅតាមផែនការដែលបានកំណត់ គឺអភិវឌ្ឍជាបណ្តើរៗតាមធនធានដែលមាន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ប្រធានអង្គប្រជុំ ក៏បានក្រើនរំឮកដល់មន្ត្រីទាំងអស់ត្រូវចូលរួមអនុវត្តវិធានរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ចាក់វ៉ាក់សាំងឱ្យបានទាំងអស់គ្នា ក្នុងនាមកងកម្លាំងជួរមុខ ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩នេះ។
ជាចុងបញ្ចប់ ឯកឧត្តមនាយឧត្តមសេនីយ៍ប្រធានអង្គប្រជុំ បានជូនពរដល់មន្ត្រីទាំងអស់និងថ្នាក់ដឹកនាំសាលា សូមសម្រេចបានជោគជ័យលើភារកិច្ចដែលដាក់ជូននេះនិងបានជួនពរដល់មន្ត្រីទាំងអស់ មានសុខភាពល្អ ជៀសឱ្យផុតពីជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរាតត្បាតដ៏អាក្រក់នេះ ហើយត្រូវអនុវត្តវិធានការ៣កុំនិង៣ការពារទាំងអស់គ្នា៕ដោយ-រ៉ាវុធ




