សហរដ្ឋអាម៉េរិករកឃើញវីរុសកូរ៉ូណាថ្មីលើអ្នកដំណើរអាម៉េរិក១៤នាក់ ដែលជម្លៀសចេញពីកប៉ាលទេសចរណ៍ Diamond Princess នៅជប៉ុន
សហរដ្ឋអាម៉េរិក៖ អ្នកដំណើរ១៤នាក់ ក្នុងចំណោមពលរដ្ឋអាម៉េរិកច្រើនជាង៣០០នាក់ដែលត្រូវបានជម្លៀសចេញពីកប៉ាល់ទេសចរណ៍ ដាយមិន ព្រីនសេស នៅជប៉ុន ហើយដឹកតាមយន្តហោះពីរគ្រឿងមកកាន់ទឹកដីសហរដ្ឋអាម៉េរិកវិញនោះ បានឆ្លងជំងឺកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ នេះបើតាមក្រសួងការបរទេសអាម៉េរិក នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ។

ប្រភពបានឱ្យដឹងថា អ្នកដំណើរអាម៉េរិកទាំងអស់នោះ ត្រូវបានជម្លៀសពីលើកប៉ាល់ទេសចរណ៍ខ្នាតយក្សខាងលើ និង ឡើងលើយន្តហោះ ដើម្បីត្រៀមចាកចេញពីជប៉ុន ឆ្ពោះមកកាន់សហរដ្ឋអាម៉េរិកវិញទៅហើយ នៅពេលដែលក្រុមមន្រ្តីអាម៉េរិកទទួលដំណឹងថា លទ្ធផលធ្វើតេស្តលើពួកគេ១៤នាក់កាលពីប៉ុន្មានថ្ងៃមុន ទើបតែបានបង្ហាញថា មានផ្ទុកជំងឺកូរ៉ូណាថ្មី ។

យ៉ាងណាមិញ អាជ្ញាធរអាម៉េរិកបានសម្រេចឲ្យអ្នកទាំង១៤នាក់នោះ ស្ថិតនៅលើយន្តហោះដដែល ប៉ុន្តែទុកនៅកន្លែងដាច់ដោយឡែកពិសេសមួយលើយន្តហោះ ។ បើតាមការគ្រោងទុកនោះ ជើងហោះហើរដំបូងនឹងទៅដល់មូលដ្ឋានយោធាមួយកន្លែងនៅរដ្ឋកាលីហ្វរញ៉ា ជាទីដែលអ្នកដំណើរទាំងនោះ ត្រូវស្ថិតក្រោមការតាមដានសុខភាពរយៈពេល១៤ថ្ងៃ ៕



