មន្ត្រីជាន់ខ្ពស់ក្រសួងការងារបញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជា នៅតែលើកកម្ពស់លក្ខខណ្ឌការងារកម្មកររបស់ខ្លួនជាអាទិភាពជានិច្ច ទោះបីជាគ្មា EBA

អត្ថបទដោយ៖
Kien Sereyvuth

រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានបញ្ជាក់ថា ទោះបីមាន ឬគ្មាន EBA ពីសហភាពអឺរ៉ុប ក៏កម្ពុជាបានតាំងចិត្តរួចហើយថា ការលើកកម្ពស់លក្ខខណ្ឌការងារ ការគោរពសិទ្ធិសេរីភាពរបស់កម្មករនិយោជិត ជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាជានិច្ច រយៈពេល២០ឆ្នាំមកនេះ កម្ពុជាមិនដែលងាកចេញពីគោលនយោបាយនោះទេ។

ការថ្លែងរបស់លោក ហេង សួរ បានធ្វើឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើផែនការរួមរបស់គម្រោងរោងចក្រកាន់តែល្អប្រសើរនៅកម្ពុជា (BFC) ដែលបានរៀបចំឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី១៧កុម្ភៈ ឆ្នាំ២០២០។ ខណៈមានការរិះគន់ចំពោះការសម្រេចដកផ្នែកខ្លះនៃ EBA ពីសហភាពអឺរ៉ុប នាពេលថ្មីៗមកនេះ លោក ហេង សួរ បានបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសដែលអាក្រក់ដូចដែលគេបានចោទនោះទេ កម្ពុជាតែងតែប្រៀបធៀបខ្លួនឯងជាមួយប្រទេសដទៃផ្សេងទៀត ហើយមានអង្គការអន្តរជាតិខាងការងារ (ILO) គម្រោង BFC និងម្ចាស់ពាណិជ្ជសញ្ញា (Brand) ទាំងអស់ជាសាក្សីថា កម្ពុជាអនុវត្តបានល្អយ៉ាងណាខ្លះក្នុងរយៈពេល២០ឆ្នាំមកនេះ ពាក់ព័ន្ធនឹងលក្ខខណ្ឌការងារ និងសេរីភាពរបស់អង្គការវិជ្ជាជីវៈ។

លោក ហេង សួរ បញ្ជាក់ថា នៅពេលអឺរ៉ុបសម្រេចដកផ្នែកខ្លះនៃ EBA វាមិនមែនដោយសារកម្ពុជាមិនបានផ្ដល់លក្ខខណ្ឌដល់ការងារកម្មករនិយោជិត រឺសិទ្ធិសេរីភាពទៅឱ្យអង្គការវិជ្ជាជីវៈនោះទេ ប៉ុន្តែវាដោយសារបញ្ហានយោបាយ ដែលប្រទេសមួយចំនួនតម្រូវកម្ពុជាធ្វើតាមគោលនយោបាយការបរទេសរបស់ពួកគេ ដែលជាការអនុវត្តស្ដង់ដាពីរ។ តែទោះជាយ៉ាងណា ពួកគេមិនគួរភ្ជាប់លក្ខខណ្ឌការងារទៅនឹងនយោបាយនោះឡើយ។

លោករដ្ឋលេខាធិការក្រសួងការងារ បានបន្តថា ជនជាតិកម្ពុជាទាមទារយុត្តិធម៌ កម្ពុជាមិនចង់បានលើសគេទេ ប៉ុន្តែសុំឱ្យមានសមភាពក្នុងការសម្រេចចិត្ត ហើយសូមឱ្យមានសុភវិនិច្ឆ័យនូវអ្វីដែលជាការខិតខំរបស់កម្ពុជា។ លោកបានអះអាងថា កម្ពុជាបានត្រៀមនូវអ្វីដែលជាកញ្ចប់ឆ្លើយតបទៅនឹងផលប៉ះពាល់ណាមួយ ដែលប៉ះពាល់ទៅលើវិស័យពាណិជ្ជកម្មកម្ពុជា ដោយសារតែការសម្រេចចិត្តដោយអយុត្តិធម៌ និងលោកបានបញ្ជាក់ថា ទោះបីជាមាន ឬគ្មាន EBA  រាជរដ្ឋាភិបាលកម្ពុជាបានតាំងចិត្តរួចហើយថា ការលើកកម្ពស់លក្ខខណ្ឌការងារ ការគោរពនូវសេរីភាពរបស់កម្មករនិយោជិត វាគឺជាអាទិភាព ដូច្នេះបានជាកម្ពុជាភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ។

រយៈពេល២០ឆ្នាំមកនេះ កម្ពុជាមិនបានងាកចេញពីគោលនយោបាយនោះទេ សូម្បីតែផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ ២០១៩ដល់ឆ្នាំ២០២៣ ក៏កម្ពុជានៅតែបញ្ជាក់យ៉ាងច្បាស់ពីភាពចាំបាច់នៃការធានាលក្ខខណ្ឌការងារ សេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជា ដើម្បីធានាថាផលិតផលដែលផលិតបាននៅកម្ពុជា គឺជាផលិតផលដែលមានភាពស្អាតស្អំ និងគោរពតាមស្ដង់ដាអន្តរជាតិ ហើយអនុសញ្ញាអន្តរជាតិនានាដែលកម្ពុជាបានផ្ដល់សច្ចាប័ន កម្ពុជានៅតែបន្តពិនិត្យ និងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ ILO បើទោះបីគេមិនជឿលើកម្ពុជា ក៏គេជឿលើអ្វីដែលជាយន្តការរបស់អង្គការ ILO ដែលកំពុងតែអនុវត្តន៍នៅកម្ពុជានេះស្រាប់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner