លោក កឹម សុខា កំពុងស្លន់ស្លោរ !

ភ្នំពេញ : លោក កឹម សុខា កំពុងស្លន់ស្លោរដោយម្តងហៅទូរស័ព្ទទៅអ្នកនេះ ម្តងហៅទៅអ្នកនោះ ដោយនិយាយប្រាប់គេថា កុំអាលទៅណាជិតមានដំណោះស្រាយ ព្រោះបរទេស (ប្រទេសមហាអំណាច ) គេកំពុងដុតដៃដុតជើងធ្វើការឱ្យ យ៉ាងយូរខែ១០ ឬខែ១១ មានដំណោះស្រាយហើយ ។ នេះបើតាមការបញ្ជាក់របស់លោក ផាន់ ច័ន្ទស័ក្តិ អតីតមេធាវី ការពារលោកកឹម សុខា នៅលើគណនីហ្វេសប៊ុករបស់លោកនាយប់ថ្ងៃទី៤ខែសីហានេះ។

លោក ផាន់ ច័ន្ទស័ក្តិ បន្តថា “ពេលនេះភាពស្លន់ស្លោរដូចមាន់រកពង បានធ្វើឱ្យលោក កឹម សុខា ដេកមិនលក់ និងបញ្ជាឱ្យកូនចៅបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយជាច្រើនវាយប្រហារ អ្នកបង្កើតគណបក្សថ្មី ដោយនៅតាំងខ្លួនឯងជាមេ ទាំងដែលពួកគេ មិនទាំងចាត់ទុកលោក កឹម សុខា ជាអ្វីសោះ !…..។ ការចេញបង្កើតបក្សនយោបាយ ការរួមរស់ក្នុងសង្គម ឬក្នុងក្រុមនយោបាយ ជាសិទ្ធិជ្រើសរើសរបស់ពួកយើងខ្ញុំ ។ចំណុចនេះ សូមលោក កឹម សុខា យល់ខ្លួនឯងឱ្យច្បាស់ ។ យើងចូលរួមក្នុងសង្គមនយោបាយ ។យើងមិនបានចាយលុយ កឹម សុខា ស៊ីបាយ កឹម សុខា ជិះឡាន កឹម សុខា ឬដេកផ្ទះ កឹម សុខា ឡើយ ។ មានតែលោក កឹម សុខា ទេដែល ស៊ីបាយយើងខ្ញុំ ។ចាយលុយយើងខ្ញុំ ។អត់លុយទិញឡានជិះ និង ទិញឡានឱ្យប្រពន្ធចុងជិះ សុំលុយយើងខ្ញុំ ។ ដូច្នេះ កឹម សុខា គ្មានគុណស្រ័យអ្វីមកលើយើងខ្ញុំទេ”។

លោកច័ន្ទស័ក្តិ បានសរសេរបន្តទៀតថា លោក កឹម សុខា លោកដឹងខ្លួនលោកច្បាស់ណាស់ថា ជីវិតនយោបាយចប់១០០% ទៅហើយសូម្បីមន្រ្តីទូតនៃប្រទេសដ៏មានឥទ្ធិពលមួយគេបានប្រាប់ដោយផ្ទាល់ និងបញ្ជាក់ថាលោកមិនមានកម្លាំងនយោបាយ។ លោកមានតែម្នាក់ឯង។ ដូច្នេះ លោក មិនមានស្ថានទម្ងន់នយោបាយសម្រាប់ជាដំណោះស្រាយទេហើយគេឱ្យលោកឈប់ តែលោកមិនព្រមស្តាប់។ លោក កឹម សុខា ធ្វើនយោបាយឆ្លាតខាងរកផលប្រយោជន៍លុយកាក់។ តែលោកល្ងង់មិនចេះមើលមនុស្ស សូម្បីកន្លងមកក្មេងមួយនាក់ ពីរនាក់កូរនៅជុំវិញខ្លួនបណ្តាលឱ្យមន្រ្តីល្អៗ សំខាន់ៗ ចាកចេញអស់។ មិនមែនជាកំហុសពួកគេដែលបានចាកចេញទេ។ វាជាកំហុសរបស់លោក កឹម សុខា ខ្លួនលោកផ្ទាល់ ដែលខ្សោយក្នុងការគ្រប់គ្រងស្ថានការណ៍ជុំវិញខ្លួនមិនបានក្នុងនាមជាថ្នាក់ដឹកនាំជាន់ខ្ពស់។

ជាមួយនឹងសារហែកកកាយលោក កឹម សុខា មិនធ្លាប់មាននេះ លោក ច័ន្ទសក្តិ បានបន្តដោយពាក្យពេចន៍កាន់តែធ្ងន់ថា មានថ្នាក់ដឹកនាំរបៀបលោក កឹម សុខា ដើរតាមកាន់តែយូរ គ្រោះថ្នាក់កាន់តែឆាប់ដល់ខ្លួនហើយសេចក្តីក្រក៏នឹងជន់ជោរលិចបាត់បង់ជាមិនខាន ព្រោះមេដឹកនាំរបៀបនេះ មិនបាននាំមកនូវជោជាតារាសីល្អដល់យើងឡើយ ហើយបើសិនយើង ចេញផុតកាន់តែឆ្ងាយកាន់ល្អ និងមានឱកាសសាងស្នាដៃបានដោយមានឥស្សរភាព។

គួរកត់សម្គាល់ថា ចាប់តាំងពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតមកដល់ពេលនេះ មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សនេះចំនួនជាង២០រូបហើយបានស្នើសុំសិទ្ធិធ្វើនយបាយឡើងវិញនិងបានបង្កើតគណបក្សថ្មីមាន ដូចជាៈ ក្រុមលោក រៀល ខេមរិន្ទ្រ បង្កើតគណបក្សខ្មែរអភិរក្ស , ក្រុមលោក ជីវ កត្តា បង្កើតគណបក្សខ្មែរស្រឡាញ់ជាតិ , ក្រុមលោក អ៊ូ ច័ន្ទរ័ត្ន បង្កើតគណបក្សកែទម្រង់កម្ពុជា , ក្រុមលោក យ៉ែម បុញ្ញឫទ្ធិ បង្កើតគណបក្សកម្ពុជានិយម , គណបក្សបេះដូងជាតិបង្កើតដោយក្រុមលោក អេង ឆៃអ៊ាង ,មូរ សុខហួរ , គណបក្សឆន្ទៈខ្មែរ បង្កើតដោយកូនប្រុសលោក គង់ គាំ។

អ្នកវិភាគនយោបាយកម្ពុជាមួយរូបបានបញ្ចេញយោបល់ថា នៅពេលខាងមុខនេះនឹងមានមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិមួយចំនួនទៀតនឹងដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ នៅពេលទទួលបានសិទ្ធិធ្វើនយោបាយពួកគេនឹងដាក់ពាក្យស្នើសុំបង្កើតគណបក្សនយោបាយថ្មីផងដែរ ដើម្បីត្រៀមខ្លួននៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ ពីព្រោះគេបានដឹងថា គណបក្សសង្គ្រោះជាតិ នឹងមិនអាចរស់ឡើងវិញទេ។ គេក៏មិនជឿទុកចិត្តទៅលើ សម រង្ស៊ី និង កឹម សុខា ទៀតដែរ។

ដូច្នេះហើយបានជាក្រុមមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិដែលទទួលបានសិទ្ធិធ្វើនយោបាយឡើង វិញត្រូវតែទៅបង្កើតគណបក្សនយោបាយផ្សេងៗទៅតាមជម្រើសរបស់គេ។ ដូច្នេះ កឹម សុខា គួរកុំភ័យស្លន់ស្លោរអី ព្រោះនេះជាការពិតវាជាការពិតជាក់ស្តែង ហើយ កឹម សុខា ខ្លួនឯងក៏ត្រូវទទួលស្គាល់ការពិតដែរថា អ្នកនៅជុំវិញខ្លួនគឺបានបោះបង់ចោលអស់ហើយ។ ខ្លួនមិនមែនជាទីពុំនឹងពឹងពាក់របស់អ្នកនយោបាយផ្សេងៗទៀតទេ។ ហេតុនេះបើគេមានឱកាសគេទៅហើយ គួរឱ្យគេជ្រើសរើសទៅតាមបំណងរបស់ខ្លួនចុះ។ ខណៈនេះអ្វីដែលលោក កឹម សុខា កំពុងស្រមៃ វាក្លាយទៅជាអតីតកាលទៅហើយ ហើយដែលវាបានបង្កើតដោយលោក កឹម សុខា ខ្លួនឯងផ្ទាល់៕
ដោយ:ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner