អតីតជម្រើសជាតិបាល់ទះ ម៉ុន តារា ស្ម័គ្រចិត្តធ្វើគ្រូបង្វឹកបណ្តុះបណ្តាល យុវជនខេត្តតាកែវ ដោយគិតប្រាក់កម្រៃ
កីឡាករបាល់ទះក្លិបនាយដ្ឋានអង្គរក្ស ម៉ុន តារា និងជាអតីតកីឡាករជម្រើសជាតិបាល់ទះ បានស្ម័គ្រចិត្ត ធ្វើជាគ្រូបង្វឹកបណ្តុះបណ្តាលដល់យុវជន នៅខេត្តតាកែវ ដោយមិនគិតប្រាក់កម្រៃ ។

ដើម្បីចែករំលែកបទពិសោធន៍ និងក្តីស្រលាញ់ ចង់ឲ្យយុវជន ប្រចាំខេត្តរបស់ខ្លួនមានជំនាញបាល់ទះប្រកបដោយសក្តានុពល ។
អ្នកជំនាញវាយបាល់៣ម៉ែត្រ និងរ៉ាពីតរូបនេះ អះអាងទៀតថា ការស្ម័គ្រចិត្តធ្វ់ជាគ្រូបង្វឹកនៅស្រុកកំនើតនេះ ក៏ព្រោះចង់ចែករំលែកបទពិសោធន៍ និងបច្ចេកទេសដែលធ្លាប់ឆ្លងកាត់ការហ្វឹកហាត់ជាមួយគ្រូបង្វឹកអន្តរជាតិ អំឡុងជាកីឡាករជម្រើសជាតិ ដើម្បីផ្ទេរចំណេះដឹងទៅកាន់យុវជនជំនាន់ក្រោយ ឲ្យទទួលបានជំនាញវិវឌ្ឍខ្លួនជាកីឡាករបាល់ទះឆ្នើម សម្រាប់កម្ពុជា ។
អតីតកីឡាករបាល់ទះជម្រើសជាតិវ័យ៣២ឆ្នាំខាងលើ បញ្ជាក់ទៀតថា ទីលានត្រៀមទទួលការបណ្តុះបណ្តាលនេះ ស្ថិតនៅក្នុងភូមិជ្រោយ ស្រុកគិរីវង្ស ខេត្តតាកែវ ។ ហើយយុវជន ដែលមានបំណងចង់ហាត់បាល់ទះ អាចមកចុះឈ្មោះហ្វឹកហាត់នៅទីលានដោយផ្ទាល់ ចាប់ពីថ្ងៃទី៤នេះតទៅ ។
លោក សង្ឃឹមជឿជាក់ថា ការបង្ហាត់បង្រៀនដោយមិនគិតពីប្រាក់កម្រៃនេះ វានឹងក្លាយជាចំណែកមួយចូលរួមកសាងធនធានបាល់ទះ អោយកាន់តែច្រើន សម្រាប់ខេត្តតាកែវ ។ ជាមួយគ្នានេះ លោក ក៏បានអំពាវឲ្យអតីតជម្រើសជាតិបាល់ទះ ដែលចូលនិវត្តពីអាជីពបាល់ទះផ្សេងទៀត សូមយកចំណេះជំនាញ និងបទពិសោធន៍ធ្លាប់ឆ្លងកាត បន្តចែករំលែកដល់យុវជនជំនាន់ក្រោយ ដើម្បីជួយឲ្យវិស័យកីឡាបាល់ទះ នៅកម្ពុជាកាន់តែរីកចំរើន ។
សូមរំលឹកថា ម៉ុន តារា គឺជាកីឡាករមានដើមកំនើតចេញពីស្រុកទ្រាំង ខេត្តតាកែវ មានកម្ពស់១,៩៣ លេងឲ្យក្លិបបាល់ទះនាយកដ្ឋានអង្គរក្ស និងជាប់ជាជ្រើសជាតិ ក្នុងឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ ហើយធ្លាប់ចូលរួមប្រកួតកីឡាស៊ីហ្គេម ចំនួន២លើក តំណាងឲ្យកម្ពុជា ក្នុងឆ្នាំ២០១៣ មីយ៉ាន់ម៉ា និងឆ្នាំ២០១៥ នៅសង្ហបុរី ប៉ុន្តែឆ្នាំ២០១៧ ស៊ីហ្គេម នៅម៉ាឡេស៊ី មិនបានចូលរួម ដោយមានបញ្ហារបួសជង្គង់៕








