ល្មើសបម្រាមគោចរ:មនុស្សជិត២ពាន់នាក់ ត្រូវបានឃាត់ខ្លួនធ្វើការអប់រំ ណែនាំ និងមនុស្ស១៨នាក់ បញ្ជូនទៅតុលាការ

ភ្នំពេញៈ នៅក្នុងរយៈពេលនៃការអនុវត្តបម្រាមគោចរគិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ មានមនុស្សជិត២ពាន់នាក់ ត្រូវបានឃាត់ខ្លួនធ្វើការអប់រំ ណែនាំ និងមនុស្សចំនួន ១៨នាក់ ត្រូវបានបញ្ជូនទៅតុលាការពាក់ព័ន្ធករណីល្មើសបម្រាមគោចរ និងផឹកស្រវឹងជេរប្រមាថមន្ត្រីសាធារណៈ។

លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ ប្រធានលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យនៃអនុគណៈកម្មការអនុវត្តច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានមានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី៤ ខែសីហានេះថា នៅក្នុងរយៈពេលនៃការអនុវត្តបម្រាមគោចរគិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ក្រោមការដឹកនាំរបស់អនុគណៈកម្មអនុវត្តច្បាប់ ក៏ដូចជាប្រធានគណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់រាជធានី-ខេត្ត បានបង្កើននូវសកម្មភាពអប់រំ ផ្សព្វផ្សាយនូវវិធានការនានារបស់រដ្ឋាភិបាលដល់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីអនុវត្តនៅវិធានការសុខាភិបាល វិធានការនានាដែលរដ្ឋអំណាចមូលដ្ឋានបានដាក់ចេញ និងបានធ្វើការផ្សព្វផ្សាយអប់រំអំពីច្បាប់ និងបទដ្ឋានគតិយុត្តនានាបានចំនួន២១១០ទីតាំង។

លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បានបញ្ជាក់ថា “ក្នុងនោះការអនុវត្តវិធានការច្បាប់ បាន១១៩៤ករណី និងបានឃាត់ខ្លួនមនុស្សចំនួន១៩០២នាក់ ធ្វើការអប់រំ និងពិន័យ, និងធ្វើការឃាត់រថយន្តដែលល្មើសវិធានការបានចំនួន៩៤៩គ្រឿង, ធ្វើការពិន័យជាប្រាក់បាន ៦២លាន ៧០០ពាន់រៀល និងបានរៀបចំកសាងសំណុំរឿងតាមនីតិវិធីទៅលើបុគ្គលដែលល្មើសទៅ និងវិធានការរដ្ឋបាល ជាពិសេសក្នុងរយៈពេលបម្រាមគោចរ ដែលបុគ្គលនោះមានការផឹកស្រវឹងជេរប្រមាថមន្ត្រីសាធារណៈ គឺមានចំនួន១៨នាក់ ដែលបានបញ្ជូនទៅតុលាការ មនុស្សទាំង១៨នាក់ គឺនៅរាជធានីភ្នំពេញ និងមានចំនួនទៀតបានធ្វើការអប់រំ និងពិន័យ”។

លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បានមានប្រសាសន៍ថា ការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ដូច្នេះការផ្សព្វផ្សាយមហន្តរាយរីករាលដាលនៃកូវីដ-១៩ ក៏ដូចជាជំងឺឆ្លងកាចសាហាវធ្ងន់ធ្ងរផ្សេងទៀត ប្រជាពលរដ្ឋមានការយល់ដឹងច្រើន ហើយចូលរួមយ៉ាងសកម្មនៅក្នុងវិធានការនានារបស់អាជ្ញាធរមូលដ្ឋាន។ ជារួមប្រជាពលរដ្ឋបានចូលរួមយ៉ាងសស្រោកសស្រាំក្នុងការអនុវត្តវិធានការនេះ ហើយក៏ជាការចូលរួមការទប់ស្កាត់នូវការឆ្លងរាលដាលទៅដល់ខ្លួនគាត់ ក៏ដូចជាគ្រួសារគាត់ និងសហគមន៍។ នេះគឺជាការអនុវត្តដើម្បីសុខមាលភាពរបស់ពួកគាត់ផងដែរ។ ពិនិត្យជារួមប្រជាពលរដ្ឋបានចូលរួមច្រើន ប៉ុន្តែនៅមានបុគ្គលមួយចំនួននៅតែល្មើសទៅនិងវិធានការរដ្ឋបាល ពិសេសល្មើសទៅនឹងបម្រាមគោចរ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner