ការដាក់ច្បាប់ប្រឆាំងទណ្ឌកម្មនៅហុងកុងដោយចិននឹងមិនអនុវត្តភ្លាមៗទេ ដោយត្រូវអនុម័តច្បាប់នៅទីក្រុងនេះជាមុនសិន
គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន បានគ្រោងដាក់បន្ថែមច្បាប់ប្រឆាំងការដាក់ទណ្ឌកម្មបរទេសទៅក្នុងក្រមច្បាប់មូលដ្ឋានរបស់ទីក្រុងហុងកុងនៅចុងខែសីហានេះ ប៉ុន្តែប្រភពក្នុងរដ្ឋាភិបាលហុងកុង បាននិយាយថានឹងមិនមានការអនុវត្តតាមភ្លាមៗទេ ពីព្រោះត្រូវការអនុម័តច្បាប់ដោយហុងកុងដើម្បីសម្របតាមតម្រូវការរបស់ទីក្រុង។

មេដឹកនាំអាជីវកម្ម និងអ្នកវិភាគកិច្ចការនៃហុងកុងមួយចំនួន បានបង្ហាញការព្រួយបារម្ភអំពីច្បាប់នេះ ហើយបានជំរុញឱ្យអាជ្ញាធរធានាថាការអនុវត្តច្បាប់នេះនឹងមិនគំរាមកំហែងដល់ផលប្រយោជន៍របស់ក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិ ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង រួមជាមួយកេរ្តិ៍ឈ្មោះរបស់ទីក្រុងនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក។
ប្រភពមួយបានប្រាប់សារព័ត៌មាន The South China Morning Post ថាដំណើរការនីតិប្បញ្ញត្តិទីក្រុងហុងកុងនឹងផ្ដល់ឱ្យរដ្ឋាភិបាលទីក្រុងចន្លោះពេលវេលាមួយ ដើម្បីវាយតម្លៃផលប៉ះពាល់ ឬគុណសម្បត្តិ និងគុណវិបត្តិនៃការអនុវត្តច្បាប់នេះ។ ប្រភពនេះបាននិយាយថា៖ «រដ្ឋាភិបាល ក៏នឹងត្រូវការពេលវេលាដើម្បីធ្វើការពន្យល់ដល់វិនិយោគិនបរទេស និងភាគីពាក់ព័ន្ធផ្សេងទៀត»។
ក្រុមអ្នកគាំទ្ររដ្ឋាភិបាលប៉េកាំងនៅទីក្រុងហុងកុង បាននិយាយថាដំណើរការនីតិប្បញ្ញត្តិនេះគឺមិនចាំបាច់ទេ ដោយសារវាពន្យារពេលយូរ និងគ្មានផលិតភាព ពីព្រោះទីក្រុងនេះមិនមានសិទ្ធលូកដៃក្នុងបញ្ហាការបរទេស និងការពារជាតិរបស់ចិនទេ។
កាលសប្ដាហ៍មុនសារព័ត៌មានរដ្ឋចិន បានរាយការណ៍ថាគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន នឹងបើកសម័យប្រជុំពីថ្ងៃ១៧ ដល់ថ្ងៃទី ២០ សីហា ដើម្បីពិភាក្សាលើបញ្ហាជាច្រើនរួមទាំងការដាក់ច្បាប់ប្រឆាំងការដាក់ទណ្ឌកម្មបរទេសទៅក្នុងក្រមច្បាប់មូលដ្ឋានរបស់ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ ដែលហាក់បីដូចជារដ្ឋធម្មនុញ្ញរបស់ទីក្រុងទាំងនេះ។
ច្បាប់ដដែលនេះត្រូវបានអនុម័តនៅចិនដីគោកកាលពីខែមិថុនា ដើម្បីចាត់វិធានការប្រឆាំងបុគ្គលនិងអង្គភាពបរទេសជាប់ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្ម ដែលចិនចាត់ទុកថា បាន«រំលោភច្បាប់អន្តរជាតិ និងបទដ្ឋានមូលដ្ឋាន»។
វិធានការចំពោះបុគ្គល និងអង្គភាពបរទេសក្រោមច្បាប់នេះរួមមាន ការបដិសេធទិដ្ឋាការ និងការនិរទេសពិរុទ្ធជន ក៏ដូចជាការបង្កកទ្រព្យសម្បត្តិបុគ្គល។ នេះមានន័យថាបុគ្គល ឬអង្គភាពណាមួយដែលអនុលោមតាមទណ្ឌកម្មអាមេរិកអាចរងការផ្ដន្ទាទោសក្រោមច្បាប់នេះ។
កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហុងកុងលោក Paul Chan បាននិយាយថាបានបង្ហាញថាខណៈពេលដែលច្បាប់ប្រឆាំងទណ្ឌកម្មថ្មីនេះ ត្រូវបានកំណត់អនុវត្តនៅហុងកុង ទីក្រុងនេះត្រូវធ្វើការពិចារណាសំខាន់មួយ គឺអំពីរបៀបពង្រឹងនិងរក្សាជំហររបស់ទីក្រុងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងដឹកជញ្ជូនអន្តរជាតិ។
លោក Chan បាននិយាយថា៖ «អាចមានវិធីផ្សេងគ្នាដែលច្បាប់នេះនឹងអនុវត្តចំពោះហុងកុង។ ច្បាប់សន្តិសុខជាតិត្រូវបានប្រកាសឱ្យប្រើ បន្ទាប់ពីត្រូវបានបញ្ចូលទៅក្នុងឧបសម្ពន្ធ ៣ នៃច្បាប់មូលដ្ឋាន ខណៈពេលដែលច្បាប់ទង់ជាតិ និងនិមិត្តសញ្ញាជាតិត្រូវបានអនុម័តបន្ទាប់ពីដំណើរការនីតិប្បញ្ញត្តិ និងការពិគ្រោះយោបល់នៅក្នុងទីក្រុង»។
យោងតាមមាត្រា ១៨ នៃច្បាប់មូលដ្ឋានហុងកុង ច្បាប់ជាតិរបស់ចិនដីគោក គឺមិនអនុវត្តនៅហុងកុងទេ លើកលែងតែច្បាប់ដែលបានបញ្ចូលក្នុងឧបសម្ពន្ធ ៣។ ច្បាប់នៅក្នុងឧបសម្ពន្ធ ៣អាចអនុវត្តនៅហុងកុងតាមរយៈការប្រកាសឱ្យប្រើច្បាប់ដើម ឬតាមរយៈការអនុម័តច្បាប់ថ្មីមួយក្នុងសភាហុងកុង។ ដូច្នេះមានន័យថាច្បាប់ក្នុងឧបសម្ពន្ធ ៣អាចមានភាពខុសគ្នាបន្តិចបន្តួចពីច្បាប់នៅចិនដីគោក។
អ្នកវិភាគមួយចំនួន បានគិតថាទីក្រុងហុងកុងនឹងធ្វើការអនុវត្តច្បាប់ប្រឆាំងការដាក់ទណ្ឌកម្ម តាមរយៈការអនុម័តច្បាប់ថ្មីមួយ ដែលមានកែប្រែមួយចំនួនពីច្បាប់ដើម ដើម្បីសម្របតាមតម្រូវការរបស់ទីក្រុង។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហុងកុងលោកស្រី Teresa Cheng Yeuk-wah បានព្យាយាមធ្វើការបន្ធូរបន្ថយការព្រួយបារម្ភក្នុងចំណោមក្រុមហ៊ុនវិស័យហិរញ្ញវត្ថុ ដោយនិយាយថាច្បាប់នេះនឹងត្រូវប្រើក្នុងឆ្លើយតបចំពោះចំណាត់ការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលបរទេសប៉ុណ្ណោះ។
ប៉ុន្តែមាត្រា ១១ និង ១២ នៃច្បាប់នេះបានបញ្ជាក់យ៉ាងច្បាស់ថា គ្មានបុគ្គល ឬអង្គភាពណាមួយអាចជួយបរទេសអនុវត្តវិធានការប្រឆាំងនឹងប្រទេសចិន ហើយផ្ទុយទៅវិញត្រូវជួយអាជ្ញាធរប៉េកាំងក្នុងការអនុវត្តវិធានការសងសឹក។ បន្ថែមពីលើនេះទៀត មាត្រា ១៤ បាននិយាយថាបុគ្គល ឬអង្គភាពដែលរំលោភមាត្រាខាងលើ នឹងប្រឈមការផ្ដន្ទាទោស ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ការផ្ដន្ទាទោសទាំងនោះរួមមានអ្វីខ្លះទេ៕