រាជរដ្ឋាភិបាលកម្ពុជា​ ឲ្យរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល នៅតាមបណ្តារាជធានី-ខេត្ត សម្រាប់ពលករដែលត្រឡប់ពីថៃតាមព្រំដែន​គោក

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ណែនាំ៣ចំណុច ដល់បណ្តារាជធានី-ខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋាន រាជធានី-ខេត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលបណ្តាលមកពីការឆ្លងរាលដាល ក្នុង សហគមន៍នៃមេរោគ ប្រភេទ Delta

ភ្នំពេញ៖ តាមរយៈសារាចរមួយ ដែលចេញផ្សាយនៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការរៀបចំ មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលនៅតាមបណ្តា រាជធានី-ខេត្ត ដើម្បីទទួលយកពលករខ្មែរដែលវិលត្រឡប់ មកពីប្រទេសថៃ តាមព្រំដែនគោក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានណែនាំ ៣ចំណុចដល់បណ្តារាជធានី-ខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានរាជធានី-ខេត្ត ដើម្បី ត្រៀមលក្ខណៈទុកជាមុនក្នុងគ្រប់គ្រងមេរោគប្រភេទ Delta និងម្ចាស់ការដោះស្រាយបញ្ហាប្រឈមនានា នៅតាមមូល ដ្ឋានរាជធានី-ខេត្ត នាពេលខាងមុខនេះ ដែលបណ្តាលមកពីការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគប្រភេទ Delta ។

ការណែនាំទាំង៣ចំណុច របស់សម្ដេចតេជោ ហ៊ុន សែន មានដូចជា៖
១- អនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក អនុគណៈកម្មការ បច្ចេកទេស និង ព្យាបាល ត្រូវសហការគ្នាជាមួយបណ្តារាជធានី-ខេត្ត ដើម្បីធានាដល់ការគ្រប់គ្រងការធ្វើ ចត្តាឡីស័ក និងការព្យាបាល ជំងឺកូវីដ-១៩ ចំពោះប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសជិតខាងជាប់ ព្រំដែនកម្ពុជា ដោយផ្អែកលើអភិក្រម បត់បែនទៅតាមសភាពការណ៍ជាក់ស្តែងនៃចំនួនប្រជាពលរដ្ឋដែល វិលត្រឡប់ចូលមកកម្ពុជាវិញ និងសមត្ថភាពឆ្លើយ តបជាក់ស្ដែងនៃមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល នៅតាមបណ្តាខេត្តពាក់ព័ន្ធ ពិសេសបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ។ ទន្ទឹមនេះ អនុគណៈកម្មការគ្រប់គ្រង ច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ត្រូវដឹកនាំសម្រប សម្រួលជាមួយបណ្តារាជធានី-ខេត្តនៅ ផ្ទៃក្នុងប្រទេស និងសហការជាមួយយន្តការដែលមានការពាក់ព័ន្ធ ដើម្បីដឹក ជញ្ជូនប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសជិតខាងវិញ ពិសេស មកពីប្រទេសថៃ ទៅតាមរាជធានី-ខេត្ត ដែល ជាមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋទាំងនោះ ដើម្បីធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក និងធ្វើការព្យាបាលចំពោះ អ្នកដែលត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ ដោយត្រូវគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយអំពីការគ្រប់គ្រងហានិភ័យ ឱ្យនៅកម្រិតអប្បរមាពាក់ព័ន្ធនឹងការធ្លាយមេរោគប្រភេទ Delta ចូលក្នុងសហគមន៍។

២-បណ្តារាជធានី-ខេត្តនៅផ្ទៃក្នុងប្រទេស ជាពិសេស ខេត្តដែលមានពលករចំណាកស្រុកទៅ ប្រទេសថៃច្រើន ត្រូវ រៀបចំមណ្ឌលចត្តាឡីស័កនៅតាមភូមិ-ឃុំ និងមណ្ឌលព្យាបាលនៅតាមស្រុក ដែលស្ថិត នៅក្រោមសមត្ថកិច្ចរបស់ខ្លួន ដើម្បីត្រៀមលក្ខណៈទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញ។ ជាមួយគ្នានេះ បណ្តារាជធានី-ខេត្ត នៅផ្ទៃក្នុងប្រទេស ត្រូវចាប់ផ្តើមផ្អាកការទទួលយកការធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ករបស់ខ្លួនបច្ចុប្បន្ន ចំពោះអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ (មិនមែនប្រភេទ Delta) ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១ ដោយបង្វែរការធ្វើចត្តាឡីស័កនេះទៅធ្វើនៅតាមផ្ទះរៀងៗ ខ្លួន សំដៅធានាឱ្យមណ្ឌលចត្តាឡីស័កទាំងនោះ អាចត្រៀម លក្ខណៈក្នុងការទទួលពលករខ្មែរដែលវិលត្រឡប់ មកពីប្រទេសថៃវិញ ដែលភាគច្រើនជាករណីពាក់ព័ន្ធនឹងមេរោគ កូវីដ-១៩ ប្រភេទ Delta។

៣-ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ត្រូវផ្ដល់ការគាំទ្រឱ្យបានពេញទំហឹង តាម គ្រប់មធ្យោបាយ ជាពិសេស ផ្នែកសម្ភារៈ និងថវិកា ដើម្បីជួយដល់បណ្តារាជធានី-ខេត្ត ក្នុងការគ្រប់គ្រង និង ទទួលយកពលករខ្មែរដែល វិលត្រឡប់មកពីប្រទេសថៃវិញ សម្រាប់ការធ្វើចត្តាឡីស័ក និងការព្យាបាលជំងឺ កូវីដ-១៩ ព្រមទាំងយកចិត្តទុកដាក់ ជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលមានការពាក់ព័ន្ធនឹងជំងឺ កូវីដ-១៩ ។

នៅក្នុងសារាចរនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា កន្លងមក រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធាន ការជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ សំដៅការពារសុខភាព និងអាយុជីវិត របស់ប្រជាជន។ បន្ថែមលើវិធានការបង្ការ, ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺនេះ រាជរដ្ឋាភិបាល ក៏បាន ដាក់ចេញ និងកំពុងអនុវត្តយ៉ាង សកម្មនូវយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដែលត្រូវបានចាត់ទុកជាយុទ្ធសាស្រ្តគន្លឹះ និង ជាខ្សែក្រវាត់ការពារ សំខាន់ជាងគេ ដើម្បីបង្កើតឱ្យមានភាពស៊ាំក្នុងសហគមន៍ទប់ទល់នឹងមេរោគកូវីដ-១៩ សំដៅ ការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន ក៏ដូចជាដើម្បីឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិឡើងវិញលើ គ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺនេះតាមគន្លងប្រក្រតីភាពថ្មី។ ទន្ទឹមនេះ រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្ត ទុកដាក់ខ្ពស់ក្នុងការផ្តល់ការថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ទាំងអស់ដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យ និង មណ្ឌលព្យាបាលរបស់រដ្ឋទាំងអស់ ។

សម្ដេចតេជោ បានបន្តថា ផ្អែកតាមស្ថានភាពវិវត្តនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលចុងក្រោយនេះ, ការរកឃើញ ក្នុងចំនួនកាន់តែច្រើនឡើងនៃមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) លើពលករខ្មែរដែល វិលត្រឡប់មកពីប្រទេសថៃ តាមព្រំដែនគោក ព្រមទាំងការធ្លាយចូលក្នុងសហគមន៍ក្នុងពេលថ្មីៗនេះនូវមេរោគ ប្រភេទថ្មីនេះ នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ ព្រមទាំងខេត្តសៀមរាប, ខេត្តកំពង់ធំ និងរាជធានីភ្នំពេញ គឺ ជាកង្វល់ ដ៏ធំ និងជាការគំរាមកំហែងជាប់ជាប្រចាំដល់ព្រះរាជាណាចក្រកម្ពុជា ដោយសារមេរោគប្រភេទថ្មីនេះ មានកម្រិតនៃការ ឆ្លងរាលដាលលឿន និងកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរជាងមុន។ ចំពោះមុខស្ថានភាពដែលកំពុងវិវត្តយ៉ាងលឿនគួរឱ្យបារម្ភ នេះ និងក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជា ពុំទាន់សម្រេចបានដោយជោគជ័យក្នុងការបង្កើតឱ្យមានពេញលេញនូវ “ភាពស៊ាំក្នុងសហគមន៍ សម្រាប់ ប្រជាជនកម្ពុជានៅទូទាំងប្រទេស ដោយសារយុទ្ធនាការជាតិចាក់វ៉ាក់សាំងពុំទាន់ត្រូវ បានបញ្ចប់នៅឡើយ។

សម្ដេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវ “យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩- នៅទូទាំងប្រទេស និង វិធានការបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងខេត្ត សៀមរាប សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី (ម្ភៃបីនិងហាសិបប្រាំបួន នាទី) នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ វិធានការទាំងនេះ ត្រូវបាន រំពឹងថា នឹង ជួយដល់ការគ្រប់គ្រង និងការពន្យាពេលបានមួយកម្រិត នូវការឆ្លងរាលដាលទ្រង់ទ្រាយធំក្នុង សហគមន៍នៃមេរោគ កូវីដ-១៩ ប្រភេទ Delta។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា តាមការរំពឹងទុក បន្ទាប់ពីការបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវបាន បញ្ចប់, ពលករខ្មែរ ដែលនឹងវិលត្រឡប់មកពីប្រទេសថៃវិញ នឹងអាចមានការកើនឡើងក្នុងចំនួនដ៏ច្រើន ដែលអាចហួស ពីសមត្ថភាព ទទួលយករបស់មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលនៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងបណ្ដា ខេត្តជាប់នឹងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ខណៈដែលមេរោគប្រភេទ Delta ក៏ត្រូវបានបន្តរកឃើញជាបន្តបន្ទាប់ នៅក្នុង ចំនួនកាន់តែច្រើនឡើងនៅក្នុងសហគមន៍ ហើយមេរោគនេះ កំពុងតែពង្រីកខ្លួនយ៉ាងលឿនទៅកាន់ តំបន់ផ្សេងទៀត ដែលរហូតមកដល់បច្ចុប្បន្ននេះ មានរាជធានី-ខេត្តចំនួន ១៧ ដែលមានវត្តមានមេរោគ ប្រភេទ Delta ក្នុងសហគមន៍៕ ដោយ វណ្ណលុក

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner