ឯកឧត្តម សុខ ប្រសិទ្ធិ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២
ឯកឧត្តមបណ្ដិត សុខ ប្រសិទ្ធិ រដ្ឋលេខា ធិការ និងជាប្រធាន គណៈកម្មាធិការសម្របសម្រួល ពង្រឹង និង ពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូ ក្រសួងព័ត៌មាន អញ្ជើញចូលរួមកិច្ចប្រជុំ គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំទទួលធ្វើជា ម្ចាស់ផ្ទះនៃ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ ADMM 2022 នាថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២១ នៅសាលប្រជុំព្រះវិហារ តាមរយៈប្រព័ន្ធវីដេអូអនឡាញក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មការអន្តរ ក្រសួង ដើម្បីរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន។
សម្តេចពិជ័យសេនា ទៀ បាញ់ បានជម្រាបជូនអំពីគោលបំណងនៃ ការរៀបចំកិច្ចប្រជុំអន្តរក្រសួង គឺដើម្បីត្រៀមរៀបចំការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាននៅឆ្នាំ២០២២ ក្រោមមូលបទ “សាមគ្គីដើម្បីសន្តិសុខប្រកបដោយសុខដុម “ ជាពិសេសការរៀបចំក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា គណៈ កម្មការអន្តរ ក្រសួងរៀបចំការធ្វើជាម្ចាស់នៃកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ ត្រូវបានបង្កើតឡើង តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីខែកុម្ភ: ឆ្នាំ២o២១ ដែលមានតួនាទី និងភារកិច្ច ដឹកនាំ គ្រប់គ្រងនិងចាត់ចែងដំណើរការ នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ តាមរយៈកិច្ចប្រជុំ ក៏ពិនិត្យ ក៏ដូចជាពិភាក្សាអំពីមូលបទ ឯកសារទស្សនទាន និងកិច្ចការដទៃផ្សេងទៀត ដើម្បីត្រៀមរៀបចំដំណើរការនៃកិច្ចប្រជុំ ។
ឯកឧត្តម នាយឧត្តមសេនីយ៏ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយក ដ្ឋាននយោបាយ និងបច្ចេកទេសការបរទេស បានធ្វេីរបាយការណ៍ ជម្រាបជូនថា ការរៀបចំកិច្ចប្រជុំនេះ មានគោលបំណងបី រួមមាន៖ ការពិនិត្យបង្ហាញខ្លឹមសារ នានាសម្រាប់ការត្រៀមធ្វើជាម្ចាស់ផ្ទះ ។ ការស្នើសុំអនុសាសន៍ ណែនាំរបស់សម្តេចពិជ័យសេនាដើម្បីកំណត់គោលការណ៍សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំ ។ បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំ និងរៀបចំប្រុងប្រៀបខ្លឹម សារដើម្បីស្នើ សុំសេចក្តីសម្រេចពី សម្តេចតេជោនាយករដ្ឋមន្ត្រី ។ ឯកឧត្តម អគ្គនាយក បានធ្វើបទបង្ហាញអំពីការប្រុងប្រៀបឯកសារ ដែលអនុគណៈកម្មការខ្លឹមសារ និងឯកសារបានរៀបចំ ។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាការងារលើការ ត្រៀមរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ច ប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ ។
នៅក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ឯកឧត្តមបណ្ឌិត ឯកឧត្តម សុខ ប្រសិទ្ធិ ដែលជាសមាជិក គណៈកម្មការអន្តរក្រសួង បានចូលរួមជាមតិយោបល់ និងគាំទ្រនូវការរៀបចំខ្លឹមសារសម្រាប់រៀបចំកិច្ចប្រជុំ ADMM 2022 របស់ក្រសួងការពារជាតិ និងសូមចូលរួមសហការដើម្បីរៀបចំកិច្ចប្រជុំឱ្យសម្រេចបានជោគជ័យ ទន្ទឹមនឹងនេះ ឯកឧត្តម សុខ ប្រសិទ្ធិ ក៏បានលើកឡើងអំពីប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ក្នុងការការជ្រើសរើសយកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ជាកាលបរិច្ឆេទប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ ដែលជាថ្ងៃប្រវត្តិសាស្ត្ររបស់កម្ពុជា ពោលគឺជាថ្ងៃប្រារព្ធខួបលើកទី៤៥ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួល រំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិក មគ្គុទេសក៏ឯក និងជាប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ នៃព្រះរាជាណាចក្រកម្ពុជា ។
មួយវិញទៀត អំពីកិច្ចការ ផ្នែកសារព័ត៌មាន និងផ្សព្វផ្សាយ ក្រសួងព័ត៌មាន ទទួលបន្ទុកជាប្រធានអនុគណៈ កម្មការទី៥ សារព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈ កម្មការ ជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ ។ ដូចនេះ ក្រសួងព័ត៌មាន និងចូលរួមសហការជាមួយក្រសួងការពារជាតិ ក្នុងការ ផ្សព្វ ផ្សាយ អំពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្នាំ២០២២ នៅមុនពេល អំឡុងពេល និងក្រោយពេលនៃកិច្ចប្រជុំមានប្រសាសន៏បិទកិច្ចប្រជុំ សម្តេចពិជ័យសេនា ទៀ បាញ់ បានផ្តល់ អនុសាសន៍ណែនាំដល់ អនុប្រធាន សមាជិក សមាជិកា គណៈកម្មការអន្តរ ក្រសួង បន្តកិច្ចសហការនិងអនុវត្តតួនាទីភារកិច្ចដែលបានកំណត់ ដើម្បី សម្រេច ឱ្យបានលទ្ធផលជាវិជ្ជមានជូនជាតិមាតុភូមិ និងកិត្តិយសជាតិលើឆាកអន្តរជាតិ ៕ដោយ -រ៉ាវុធ






