សម្តេចតេជោ ហ៊ុន សែន បដិសេធសំណើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់លោក ស៊ុន ចន្ធី អតីតសមាជិកគណបក្សសង្គ្រោះជាតិ
ភ្នំពេញៈ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទាត់ចោលសំណើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់បុគ្គល មួយរូបឈ្មោះស៊ុន ចន្ធី ជាអតីតប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តកំពង់ធំ នៃអតីតគណបក្សសង្គ្រោះជាតិ ដោយសារបុគ្គលរូបនេះបានប្រព្រឹត្តសកម្មភាពរំលោភបំពាននឹងសាលដីកាតុលាការកំពូល។ គិតត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ នេះ មានមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន៣រូបហើយ ដែលត្រូវបានបដិសេធផ្តល់នីតិសម្បទាឡើងវិញ និងមាន ២៤រូបបានទទួលនីតិសម្បទាធ្វើនយោបាយឡើងវិញ។
សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ដល់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៦ ខែសីហានេះថា ការបដិសេធផ្តល់នីតិសម្បទាឡើងវិញនេះដោយសារបុគ្គលរូបនេះកន្លង មកស្ថិតនៅក្នុងរយៈពេលនៃការហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ បានប្រព្រឹត្តសកម្មភាពរំលោភបំពាននឹងសាលដីកាលេខ៣៤០ ចុះថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូលដោយបានប្រើប្រាស់បណ្តាញទំនាក់ទំនង Facebook និងបានធ្វើការចែក រំលែកសារនយោបាយរបស់ក្រុមឧទ្ទាមជាបន្តបន្ទាប់ព្រមទាំងបានធ្វើសកម្មភាពក្នុងការទំនាក់ទំនងពង្រឹងស្មារតីសតិអារម្មណ៍ក្រុមសកម្មជន អតីតគណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ធំ ហើយ បច្ចុប្បន្នបុគ្គលនេះនៅតែមានទំនាក់ទំនងជាមួយក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៉ី ដែលជាមេក្លោងក្រុមឧទ្ទាមក្រៅច្បាប់។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ក៏បានធ្វើការបដិសេធផ្តល់នីតិសម្បទាឡើងវិញនេះដល់លោក ជួង ជូងី និងលោក ញឹម គឹមញ៉ុល ជាសមាជិកគណៈកម្មាធិការនាយកនៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយដោយតុលាការដោយសារបុគ្គលទាំងពីររូប នេះនាពេលកន្លង មកស្ថិតនៅក្នុងរយៈពេលនៃការហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ ឆ្នាំបានប្រព្រឹត្តសកម្មភាពបំពានយ៉ាងធ្ងន់ធ្ងរទៅ នឹងសាលដីការបស់តុលាការកំពូលដែលនឹងត្រូវផ្តន្ទាទោសនៅពេលខាងមុខ ។
មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ ចំនួនបីរូបហើយដែលត្រូវបានក្រសួងមហាផ្ទៃមិនអនុញ្ញាតិផ្តល់សិទ្ធិនយោបាយឡើងវិញនោះទេ។ ការមិនផ្តល់សិទ្ធិនយោបាយឡើងវិញនេះ ដោយសារតែបុគ្គលទាំងពីររូបនេះបានបំពាននឹងសាលដីការបស់តុលាការ។
បុគ្គលចំនួនបីររូបដែលមិនទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញមានដូចជា ១.បុគ្គលឈ្មោះ ញឹម គឹមញ៉ុល ២.បុគ្គលឈ្មោះ ជូង ជូងី និងទី៣. បុគ្គលឈ្មោះ ស៊ុនចន្ធី។ ការមិនអនុញ្ញាតផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញឲ្យបុគ្គលទាំងពីររូបនេះ គឺដោយសារធ្វើសកម្មភាពបំពាននឹងសាលដីការបស់តុលាការ។ ហើយ សំណុំរឿងនៅតុលាការកំពុងដំណើរការនីតិវិធី។
លោក ជូង ជូងី និង លោកញឹម គឹមញ៉ុល ជាអតីតសមាជិកគណៈកម្មាធិការនាយក នៃគណបក្សសង្គ្រោះជាតិ បានដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។
ចំណែកលោកស៊ុន ចន្ធី បានដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយទៅសម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២១ ខែកកក្កដា ឆ្នាំ២០២១។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ នេះ មានមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួនជាង២៤រូបហើយ ដែលទទួលបាននីតិសម្បទាឡើងវិញ។ ដោយក្នុងចំណោមជាង២០រូបនោះ មានអ្នកខ្លះបានបង្កើតគណបក្សនយោបាយដោយខ្លួនឯង និងខ្លះបានចូលរួមធ្វើនយោបាយជាមួយគណបក្សដែលបង្កើតថ្មី។
មន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួនជាង២០រូបហើយ ដែលទទួលបាននីតិសម្បទាឡើងវិញ មានដូចជា:
១. លោក គង់ គាំ អតីតឧត្តមទីប្រឹក្សានៃអតីតគណបក្សសង្គ្រោះជាតិ ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។
២. លោក គង់ បូរ៉ា អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។
៣. លោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។ បង្កើតគណបក្សខ្មែរអភិរក្ស។
៤. លោក ជីវ កត្តា អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។ បង្កើតគណបក្សខ្មែរស្រលាញ់ជាតិ។
៥. លោក កង គឹមហាក់ អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។
៦. លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។
៧. លោក ច័ន្ធ សិលា ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។
៨. លោកស្រី ទេព សិទ្ធី ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។
៩. លោក ស៊ិន សុវណ្ណនី ទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩)។
១០. លោក សុន ឆ័យ អតីតអ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃអតីតគណបក្សសង្គ្រោះជាតិ។ (ស្នើសុំនីតិសម្បទាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ និងទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០) ។
១១. លោក តាវ គឹមឈន អតីតសមាជិកក្រុមការងារ ខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ។ (ស្នើសុំនីតិសម្បទាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ និងទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០)
១២. លោក វ៉ា សាម៉ុន អតីតសមាជិកក្រុមការងារ នៃអតីតគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ។ (ស្នើសុំនីតិសម្បទាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ និងទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០)
១៣. លោកស្រី លី ស្រីវីណា អតីតតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្នើសុំនីតិសម្បទាកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ និងទទួលបាននីតិសម្បទាឡើងវិញថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។
១៤. លោកថាច់ សេដ្ឋា ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។
១៥. លោកយ៉ែម បុញ្ញឫទ្ធិ ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
១៦. លោកមុត ចន្ថា ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
១៧. លោកឡុង គឹមឃន ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
១៨. លោកស្រី យ៉ង់ ផាន់ណេត ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
១៩. លោក ជុំ ចាន់ដារិន ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ (កឹម សុខា)
២០. លោក ឡាត់ លិតេយ្យ ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
២១. លោក ទួត ឃឿត ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១៕
២២. លោក ប៉ុល ហំម អតីតអនុប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ
២៣. លោក ផាន់ ច័ន្ទសាក់ មេធាវីការពារលោកកឹម សុខា បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញទៅដល់ក្រសួងមហាផ្ទៃជាផ្លូវការកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១៕
ដោយៈពលជ័យ

