កម្ពុជាចាប់ផ្តើមផ្តល់ការចាក់វ៉ាក់កូវីដ-១៩ ដូសជំរុញ ឬដូសទី៣ជូនកម្លាំងជួរមុខ

អត្ថបទដោយ៖
Kien Sereyvuth

កម្ពុជាប្រកាសផ្តល់ជូនការចាក់វ៉ាក់កូវីដ-១៩ អាស្រ្តាហ្សេនីកាដូសជំរុញ ឬដូសទី៣ជូនដល់កងកម្លាំងជួរមុខ ការពារប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមខេត្តចំនួន៧ រួមមានខេត្តពោធិ៍សាត់ កោះកុង បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ។

ការក្រសួងសុខាភិបាលនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់កូវីដ-១៩ (អាស្រ្តាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ស្អែកនេះតទៅ។

ក្រុមគ្រូពេទ្យជួរមុខទាំងរដ្ឋនិងឯកជន មន្រ្តីរាជការទាំងអស់នៅតាមបណ្តាខេត្តខាងលើ មន្រ្តីជាប់កិច្ចសន្យា កងទ័ព គ្រួសារកងទ័ព កងម្លាំងនគរបាលជាតិ និងអតីតយុទ្ធជន ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ រួចហើយ អាចចាក់វ៉ាក់កូវីដ-១៩ ដូសជំរុញ ឬដូសទី៣អាស្រ្តាហ្សេនីកា បាន។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រើប្រាស់ឧទ្ធម្ភាគចក្រចំនួន ២គ្រឿង ដើម្បីដឹកវ៉ាក់សាំង Astra Zeneca ទៅកាន់បណ្តាខេត្តចំនួន៦ ជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីចាប់ផ្តើមចាក់ដូសទី៣ ជូនដល់មន្រ្តីជួរមុខ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។ លោកជំទាវ បានបញ្ជាក់បន្ថែមថា ខេត្តទាំងនោះរួមមានខេត្តប៉ៃលិន បាត់ដំបង ឧត្តរមានជ័យ បន្ទាយ មានជ័យ និងខេត្តព្រះវិហារផងដែរ។ ដោយឡែកយុទ្ធនាកាចាក់វ៉ាក់សាំងដូសទី ៣នេះក៏ធ្វើឡើងនៅខេត្តពោធិ៍ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះដែរ។ ដោយវ៉ាក់សាំងដឹកតាមរថយន្ត ទៅដល់ខេត្តពោធិ៍ សាត់នៅល្ងាចថ្ងៃនេះ។

វ៉ាក់សាំងទាំងនេះ នឹងត្រូវបើកយុទ្ធនា ការចាក់ដូសទី៣ជូន ក្រុមគ្រូពេទ្យជួរមុខ ដែលប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta ក្រោយពេលមានពលករខ្មែរត្រឡប់មកពីប្រទេសថៃ ហើយ ដោយឡែកសម្រាប់ការចាក់ជូនដល់កងទ័ព និងគ្រួសារកងទ័ព នឹងត្រូវរៀបចំចាត់ចែងដោយក្រសួងការពារជាតិ។
សូមបញ្ជាក់ថា សម្តេចតេជោ នាយករដ្ឋមន្រ្តី កាលម្សិលមិញ បានបញ្ជាឱ្យគណៈកម្មការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ត្រៀមចាក់វ៉ាក់សាំងដូសទី៣ ជូនមន្រ្តីពាក់ ព័ន្ធជួរមុខ នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃជាបន្ទាន់ ខណៈដែលពួកគេប្រឈមនឹងការឆ្លងមេរោគថ្មី Delta ក្រោយពលករជាច្រើនត្រឡប់ពីប្រទេសថៃ ចូលមកមាតុប្រទេសវិញ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner