សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អាទិភាពចំពោះមុខរបស់អាស៊ាននៅពេលនេះ គឺការធានាឱ្យបាន នូវលទ្ធផលជាទីគាប់ចិត្តបន្ថែមទៀត ពីកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីងើបចេញឲ្យផុតពីវិបត្តិ វីរុសកូវីដ-១៩ ជាមួយនឹងភាពធន់កាន់តែរឹងមាំខ្លាំងក្លា
ភ្នំពេញ៖ ក្នុងសារលិខិតអបអរសាទរទិវាអាស៊ាន ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា អាទិភាពចំពោះមុខរបស់អាស៊ាននៅពេលនេះ គឺការ ធានាឱ្យបាននូវលទ្ធផលជាទីគាប់ចិត្តបន្ថែមទៀត ពីកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីងើបចេញឲ្យផុតពីវិបត្តិវីរុស កូវីដ-១៩ ជាមួយនឹងភាពធន់កាន់តែរឹងមាំខ្លាំងក្លា ។ ចំពោះការងារបន្ទាន់របស់អាស៊ាន គឺបន្តពង្រឹងកិច្ចសហប្រតិបត្តិ ការក្នុងការអនុវត្តនូវវិធានការនានា ដែលស្ថិតក្រោមយុទ្ធសាស្ត្រ ទូលំទូលាយទាំង៥ នៃក្របខណ្ឌស្តារឡើងវិញគ្រប់ ជ្រុងជ្រោយរបស់អាស៊ាន ដែលរួមមាន៖ (១) ការពង្រឹងប្រព័ន្ធសុខាភិបាល (២) ការពង្រឹងសន្តិសុខមនុស្សជាតិ (៣) ការពង្រីកសក្តានុពលនៃទីផ្សារក្នុងតំបន់អាស៊ាន និងសមាហរណកម្មសេដ្ឋកិច្ចកាន់តែទូលំទូលាយ (៤) ការពន្លឿនផ្នែក ព័ត៌មានឌីជីថលប្រកបដោយបរិយាប័ន្ន និង (៥) ការបោះជំហានឆ្ពោះទៅរកអនាគតប្រកបដោយចីរភាព និងភាព ធន់រឹងមាំ ។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា អាស៊ាន កំពុងប្រឈមមុខនឹងឧបសគ្គយ៉ាងធំនៅក្នុងដំណើររបស់ខ្លួន។ ផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយការផ្ទុះជំងឺរាតត្បាតកូវីដ១៩ ចាប់តាំងពីដើមឆ្នាំ២០២០ មក បានទាញ សេដ្ឋកិច្ចតំបន់ និងសាកលលោក ឱ្យធ្លាក់ចូលក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ និងបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅ របស់ប្រជាជន។ ទន្ទឹមនឹងនេះ កំណើននៃការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងការ ប្រឈមមុខដាក់គ្នារវាង ប្រទេសមហាអំណាច ដែលបានរីករាលដាលទៅជាសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា បាននិងកំពុងដាក់សម្ពាធកាន់ តែធ្ងន់ធ្ងរថែមទៀតដល់សន្តិភាព សន្តិសុខ និងវិបុល ភាពក្នុងតំបន់ទាំងមូល ។ នេះយើងមិនទាន់រាប់បញ្ចូលទាំងបញ្ហា ប្រឈមមិនប្រពៃណី ដែលមាន ស្រាប់ និងកំពុងលេចឡើងមួយចំនួនទៀតដែលអាស៊ានកំពុងតែជួបប្រទះ មានដូចជា បញ្ហានៃការ វិវត្តផ្លាស់ប្ដូរដ៏ឆាប់រហ័សផ្នែកបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ ការបំផ្លាញបរិស្ថាន ឧក្រិដ្ឋកម្ម ឆ្លងដែន រួមបញ្ចូលទាំងការជួញដូរគ្រឿងញៀន ជួញដូរមនុស្ស និងបញ្ហាភេរវកម្ម។ល។
ក្នុងសារលិខិតនេះ សម្ដេចបានបន្តទៀត នៅក្នុងបរិបទនេះហើយ ដែលមិនដល់៥ខែទៀតទេ កម្ពុជា នឹងទទួលតួនាទី ជាប្រធានប្ដូរវេនរបស់អាស៊ាន ជាលើកទី៣ គិតចាប់តាំងពីបានចូលរួមក្នុងសមាគមនេះ ក្នុងឆ្នាំ១៩៩៩ ។ ក្នុងអំឡុង ពេលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជា នឹងបន្តខិតខំប្រឹងប្រែងលើកកម្ពស់យន្តការ ដែលផ្ដោតសំខាន់លើការ ពង្រឹងសកម្មភាពរួមគ្នាជាក់ស្ដែង ដោយឈរជាមូលដ្ឋានភាពបើកចំហ ស្មោះត្រង់ សុចរិត សុឆន្ទៈ សាមគ្គីភាព និងភាព សុខដុមរមនា នៅក្នុងអាស៊ាន ដើម្បីដោះស្រាយ ប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមរួម ដែលតំបន់យើងទាំងមូល កំពុងជួបប្រទះ ហើយកាន់តែសំខាន់ជាងនេះទៅទៀត ដោយមានការគាំទ្រ និងសាមគ្គីភាពយ៉ាងរឹងមាំរបស់ប្រទេស សមាជិកអាស៊ាន និងដៃគូខាងក្រៅ កម្ពុជា នឹងខិតខំធានាឱ្យបាននូវការផ្តល់ផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៅ ក្នុងតំបន់ទាំងមូល ដោយមិនទុកអ្នកណាម្នាក់ចោលឡើយ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា កម្ពុជា មានគោលបំណងជំរុញដំណើរការកសាងសហគមន៍អាស៊ាន ដោយផ្តោតលើការសម្រេចឱ្យបាននូវគោលដៅ និងគំនិតផ្តួចផ្តើមសំខាន់ៗដែលបានឯកភាពរួចហើយ ក្រោមផែនការ លម្អិតនៃសហគមន៍ទាំងបីរបស់អាស៊ាននៅឆ្នាំ២០២៥ ក្នុងនោះរួមមាន ផែនការមេស្តីពីការតភ្ជាប់ អាស៊ានឆ្នាំ២០២៥ និងផែនការការងារដំណាក់កាលទី៤ នៃគំនិតផ្ដួចផ្ដើមសម្រាប់សមាហរកម្ម អាស៊ាន ។ ទន្ទឹមនេះ យើងប្តេជ្ញាធ្វើឱ្យ អាស៊ាន នៅតែជាតំបន់ដែលមានសារៈសំខាន់សម្រាប់ពាណិជ្ជកម្ម វិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក តាម រយៈការបង្កើតនូវផលប្រយោជន៍ជា អតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ និងកិច្ចព្រមព្រៀង ស្តីពី ភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលទើបបានចុះហត្ថលេខាកាលពីពេលថ្មីៗនេះ ។
ក្នុងសារលិខិតរបស់សម្ដេចបានបន្ថែមទៀត នៅពេលដែលយើងត្រៀមការងារមូលដ្ឋានសម្រាប់រៀបចំចក្ខុវិស័យ សហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ កម្ពុជា នឹងបន្តជំរុញឲ្យសហគមន៍អាស៊ាន កាន់តែមានភាពរស់រវើក និងសុខដុម រមនាថែមទៀត។ យើងនឹងព្យាយាមលើកកម្ពស់ការការពារពលករចំណាកស្រុក និងបង្កើនការគាំទ សម្រាប់របៀបវារៈ ស្តីពីការអភិវឌ្ឍបៃតង ប្រកបដោយបរិយាប័ន្ន ការផ្លាស់ប្ដូរទៅរកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់សហគ្រាស ខ្នាតមីក្រូតូច និងមធ្យម (MSMEs) និង សហ គ្រិនភាពរបស់ស្ត្រី និងយុវជន គឺជាវិស័យដែលយើងត្រូវយកចិត្តទុក ដាក់។ សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចក្នុងតំបន់របស់យើង ហើយតំណាងឲ្យ ៩៩% នៃ ស្ថាប័ន ធុរកិច្ចទាំងអស់ ដែលភាគច្រើនជាកម្មសិទ្ធិរបស់ស្ត្រី (៦០% នៅក្នុងប្រទេសកម្ពុជា) និងបានផ្ដល់ ការងារ សម្រាប់កម្លាំងពលកម្មជាង៨០% នៅក្នុងបណ្តាប្រទេសសមាជិកអាស៊ាន។ ដូច្នេះ ការគាំទ ដល់វិស័យទាំងនេះ មិន ត្រឹមតែជួយដល់ការស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយធានា មិនឲ្យ មានការខកខានក្នុងការសម្រេចនូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ។
សម្ដេចតេជោ បានបន្តថា ខណៈដែលមានការទទួលស្គាល់កាន់តែច្រើនថា ស្រ្តីមានតួនាទីលើសពីការងារអភិវឌ្ឍ សេដ្ឋកិច្ចសង្គម កម្ពុជា នឹងជំរុញការគាំទ្រលើរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ។ លើសពីនេះទៀត យើងប្ដេជ្ញា លើកកម្ពស់កិត្តិនាមរបស់អាស៊ានក្នុងឆាកអន្តរជាតិ និងការចូលរួមចំណែកយ៉ាងសកម្ម ក្នុងប្រតិបត្តិការរក្សាសន្តិភាព និងការកសាងសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ តាមរយៈសកម្មភាពនានា ដូចជាសកម្មភាពមនុស្សធម៌លើ វិស័យមីន ដែលមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន អាចដើរតួនាទីសំខាន់ ។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា ពេញចិត្តថែបំប៉នអាស៊ាន ក្នុងនាមជាអង្គការដែលមានទស្សនៈ សម្លឹងឆ្ពោះទៅពិភពខាងក្រៅ។ នៅពេលដែលយើងខិតខំផ្សារភ្ជាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងអស់ ឱ្យក្លាយជាគ្រួសារ ដ៏រឹងមាំមួយ យើងក៏នឹងខិតខំបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយថែម ទៀតជាមួយដៃគូខាងក្រៅផងដែរ ដោយឈរលើស្មារតីសមភាពផលប្រយោជន៍ និងការគោរពគ្នាទៅវិញទៅមក។ កម្ពុជានឹងខិតខំស្វែងរកលទ្ធភាពក្នុងការលើកកម្ពស់ភាពជាដៃគូ ជាមួយដៃគូសន្ទនាអាស៊ានដែលមានស្រាប់ និងពង្រីក បញ្ចីដៃគូខាងក្រៅរបស់អាស៊ាន ដោយផ្អែកលើគោលការណ៍នានារបស់អាស៊ាន រួមទាំងនៅក្នុងទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។ ដើម្បីជម្នះនូវនិន្នាការភូមិសាស្ត្រនយោបាយអវិជ្ជមាន យើងប្តេជ្ញាលើកកម្ពស់របៀបវារៈ ដែល ជំរុញ ស្មារតីសហប្រតិបត្តិការ និងគាំទ្រដល់មជ្ឍភាពអាស៊ាន ក៏ដូចជាភាពស្ងប់ក្សេមក្សាន្ត និងវឌ្ឍនភាព ក្នុងតំបន់។
សម្ដេចបានសម្ដែងក្ដីសង្ឃឹមថា ពេលដែលយើងបង្ហូតទង់អាស៊ាននៅថ្ងៃនេះ គ្រប់គ្នានឹងចងចាំ នូវដំណើរដ៏វែងឆ្ងាយ ដែលយើងបានឆ្លងកាត់អស់ជាងពាក់កណ្ដាលសតវត្សរ៍កន្លងមកនេះ និងមានមោទនភាពក្នុងនាមជាប្រជាជនអាស៊ាន ចាប់តាំងពីការកកើតអង្គការនេះមក។ នៅពេលដែលយើងបន្តដំណើរួមគ្នាទៅមុខ សម្ដេចមានជំនឿជឿជាក់ថា អាស៊ាន ត្រៀមលក្ខណៈបានយ៉ាងល្អ ក្នុងការជម្នះរាល់បញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក ដើម្បីគូសបញ្ជាក់សាជាថ្មីថា យើងមានការប្តេជ្ញាចិត្ត និងសមត្ថភាព ក្នុងការពង្រឹង និងលើកកម្ពស់សន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាព ក្នុង តំបន់ សម្រាប់សុខុមាលភាពប្រជាជនរបស់យើង ៕ ដោយ វណ្ណលុក





