ចិនផ្តល់ជំនួយវ៉ាក់សាំង១លានដូសទៀត ជូនប្រទេសឡាវ ជាជំហានទី៥ហើយ
ជំនួយវ៉ាក់សាំងកូវីដ១៩ចំនួន១លានដូសទៀតរបស់ប្រទេសចិន ជូនប្រទេសឡាវ ជើងទី៥ និងសម្ភារផ្សេងៗ ត្រូវបានបញ្ជូនទៅដល់ក្រុងវៀងចន្ទន៍ហើយ។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានចេញផ្សាយថា វ៉ាក់សាំងស៊ីណូហ្វាមទាំងនេះត្រូវបានបញ្ជូនទៅដល់ប្រទេសឡាវ កាលពីចុងសប្តាហ៍ ដោយរដ្ឋមន្ត្រីសុខាភិបាលឡាវ Bounfeng Phoummalaysith និងតំណាងស្ថានទូតចិន Laos Zhao Wenyu បានអញ្ជើញទៅទទួលស្វាគមន៍វ៉ាក់សាំង។ ប្រភពថា ចិនបានផ្តល់វ៉ាក់សាំងជាបន្តបន្ទាប់ជូនដល់ប្រទេសឡាវ ហើយតាំងពីផ្ទុះរលកទី២ នៅឆ្នាំ២០២១នេះមក ចិនបានបញ្ជូនក្រុមជំនាញវេជ្ជសាស្ត្រនិងសម្ភារទប់ស្កាត់ជាច្រើនទៀតជូនឡាវដែរ។
មកដល់ពេលនេះ ឡាវទទួលបានវ៉ាក់សាំងពីចិន អង់គ្លេស រុស្ស៊ីនិងជំនួយពីបណ្តាប្រទេសផ្សេងៗទៀតតាមយន្តការកូវ៉ាក់ សរុបជាង៤.៤លានដូសហើយ។ វ៉ាក់សាំងទាំងនោះ រួមមាន Sinopharm, Sputnik V, AstraZeneca, Pfizer និង Johnson & Johnson ៕