អភិបាលខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាពអ្នកជំងឺធ្ងន់-ស្រាល ដែលកំពុងព្យាបាលនិងសាកសួរសុខទុក្ខក្រុមគ្រូពេទ្យនៅក្នុងមណ្ឌលព្យាបាលវិទ្យាល័យសម្តេចឪ និងវិទ្យាល័យព្រះមុនីវង្ស

      ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងអមដំណើរ ដោយឯកឧត្តមទីប្រឹក្សា សម្តេចក្រឡាហោម ស ខេង ក្នុងនោះក៏មានវត្តមានលោក ផេងសិទ្ធី អភិបាលក្រុងបាត់ដំបង និងអស់លោកជាថ្នាក់ដឹកនាំមន្ទីរមួយចំនួនក្នុងខេត្ត បានចុះសាកសួរសុខទុក្ខដល់ក្រុមគ្រូពេទ្យ ដែលកំពុងព្យាបាលអ្នកជំងឺកូវីដ-19ធ្ងន់-ស្រាល នៅក្នុងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ ចំនួន០២កន្លែង ក្នុងក្រុង-ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១០ខែសីហាឆ្នាំ២០២១នេះស្ថិតក្នុងមណ្ឌលព្យាបាលទាំង០២កន្លែង ខាងលើ រួមមាន៖មណ្ឌលព្យាបាលអ្នកជម្ងឺកូវីដ-19ស្ថិតក្នុងវិទ្យាល័យសម្តេចឪ ដោយក្នុងនោះ ចែកចេញជា៖មណ្ឌលព្យាបាលអ្នកជំងឺកូវីដ(កំរិតស្រាល)និងព្យាបាលអ្នកជំងឺ (កំរិតធ្ងន់)។និងមណ្ឌលព្យាលអ្នកជំងឺកូវីដ-19មួយកន្លែងទៀតស្ថិតក្នុងមណ្ឌលព្យាបាលនៃវិទ្យាល័យព្រះមុនីវង្ស។

      តាមរយៈនៃដំណើរសាកសួរសុខទុក្ខដល់ក្រុមគ្រូពេទ្យប្រចាំការ ធ្វើការព្យាបាលដល់អ្នកជំងឺ ទាំង០២ទីតាំងខាងលើនិងដើម្បីចង់ស្វែងយល់អំពីស្ថានភាពរបស់អ្នកជម្ងឺកូវីដ19នៅតាមមណ្ឌលនីមួយៗ ក្នុងនោះ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ងួន រតនៈ ក៏បានជួបសំណេះសំណាលជាមួយអ្នកជំងឺកូវីដ-19 ដែលកំពុងតែធ្វើការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ ដោយបានលើកទឹកចិត្តនិងថែមទាំងផ្តល់នូវកម្លាំងចិត្តបន្ថែមដល់បងប្អូនអ្នកជម្ងឺ ដែលកំពុងតែព្យាបាលក្នុងមណ្ឌលទាំងអស់មិនថា៖ធ្ងន់ឬស្រាលត្រូវបន្តខិតខំថែទាំសុខភាពខ្លួនឲ្យបានល្អទោះបីពេលនេះយើងមិនទាន់បានជាសះស្បើយ។ តែយើងត្រូវខិតខំធ្វើការព្យាបាលខ្លួននិងអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំពីក្រុមគ្រូពេទ្យដែលកំពុងព្យាបងប្អូននៅទីនេះ ដើម្បីឆាប់បានជាសះស្បើយ និងឆាប់វិលត្រឡប់ទៅជួបជុំក្រុមគ្រួសារ របស់ខ្លួនវិញ ស្របតាមការកំណត់ពីក្រុមគ្រូពេទ្យ។

       ក្នុងឱកាសចុះសាកសួរសុខទុក្ខ នេះផងដែរឯកឧត្តម ងួន រតនៈ ក៏បានពាំនាំនូវអំណោយមួយចំនួន ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ រួមមាន៖ មី ភេសជ្ជៈទឹកក្រូចនិងទឹកសុទ្ធ ផ្តល់ជូនដល់ក្រុមគ្រូពេទ្យនៅក្នុងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-19 ទាំងកម្រិតធ្ងន់និងកម្រិតស្រាល ទាំង០៣មណ្ឌលនៅទីនោះផងដែរ។

     សូមបញ្ជាក់ថា៖ ចាប់ផ្តើមពីមានការរាតត្បាតជាសកលពីជំងឺឆ្លងកូវីដ-19នៅក្នុងខេត្តបាត់ដំបងកន្លងមកនេះ គិតត្រឹមថ្ងៃទី១០ខែសីហា ២០២១ មានអ្នកឆ្លង សរុបចំនួន ៤.៣២៩នាក់, ព្យាបាលជាសះស្បើយ សរុបចំនួន ២.៧៨២នាក់, អ្នកស្លាប់ សរុបចំនួន ៥១ករណី, អ្នកជំងឺកំពុងព្យាបាលនៅតាមមន្ទីរពេទ្យបង្អែក ខេត្ត ស្រុក និង នៅតាមមណ្ឌលព្យាបាលនានា សរុបចំនួន១.៤៩៦នាក់។

       ដោយឡែកនៅថ្ងៃទី១០ខែសីហាឆ្នាំ២០២១រដ្ឋបាលខេត្តបាត់ដំបង បានរកឃើញអ្នកវិជ្ជមានថ្មីបន្ថែម ចំនួន៥៩នាក់ (សហគមន៍ ៥៥នាក់-មកពីថៃ០៤នាក់) ព្យាបាលជាសះស្បើយ ចំនួន ៩៨នាក់ អ្នកស្លាប់ថ្មីចំនួន០៣នាក់ (សរុប៥១នាក់)៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner