លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសដកបទបញ្ជាដែលមានគោលដៅរឹតត្បិតលើការផ្សព្វផ្សាយព័ត៌មានវិញ

ថៃ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសលុបចោលបទបញ្ជារបស់លោក ដែលមានគោលដៅរឹតត្បិតលើការផ្សាយព័ត៌មាន ដែលនាំអោយមានការភ័យខ្លាចអំឡុងជំងឺកូវីដ១៩កំពុងរាតត្បាតនោះវិញហើយ ក្រោយទទួលបានសេចក្តីសម្រេចពីតុលាការ ។ ការប្រកាសនេះ ត្រូវបានផ្សព្វផ្សាយដោយកាសែត Royal Gazette នៅថ្ងៃអង្គារម្សិលមិញ ។

បទបញ្ជារបស់លោក ប្រាយុទ្ធ បានដាក់ចេញកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដោយតម្រូវឲ្យទប់ស្កាត់ជាដាច់ខាតនូវការផ្សព្វផ្សាយព័ត៌មាននានា ដែលអាចបង្កការភ័យខ្លាច អំឡុងការរាតត្បាតនៃជំងឺ COVID-19 ព្រោះវានឹងបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់ សន្តិសុខ និងសន្តិភាពរបស់ប្រទេសជាតិ ។ ក្រោយពីការប្រកាសបទបញ្ជានេះ ការរិះគន់ពីសំណាក់សាធារណមតិ ជាពិសេសពីសំណាក់បណ្តាញអ្នកសារព័ត៌មាន និងក្រុមអ្នកការពារសិទ្ធិមនុស្សនៅក្នុងប្រទេសថៃ បានផ្ទុះឡើងជាបន្តបន្ទាប់ ហើយញត្តិមួយត្រូវបានដាក់ជូនទៅតុលាការ ដើម្បីទាមទារឲ្យរដ្ឋាភិបាលលោក ប្រាយុទ្ធ ដកបទបញ្ជានេះវិញ ។

ហើយបន្ទាប់មក តុលាការថៃបានកាត់សេចក្តីថា បទបញ្ជារបស់រដ្ឋាភិបាលថៃ បានដកហូតនូវសិទ្ធិ និងសេរីភាពរបស់ប្រជាជន ដោយគ្មានភាពចាំបាច់អ្វី ត្រូវធ្វើបែបនេះទាល់តែសោះ ហើយការមានអំណាចផ្តាច់សេវាអ៊ីធើណិត គឺជាទង្វើប្រឆាំងនឹងច្បាប់ ព្រោះអ៊ីនធើណិតជាមធ្យោបាយដ៏ចាំបាច់បំផុត សម្រាប់ប្រជាជនស្វែងយល់ព័ត៌មានអំពី COVID-19 អំឡុងការរាតត្បាតនៃជំងឺនេះ ហេតុដូច្នេះតុលាការបានសម្រេចអោយមានការដកបញ្ជានេះវិញ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner