វ៉ាក់សាំងអាមេរិក Pfizer ជាង៣០លានដូសនឹងបញ្ជូនមកដល់ថៃ
រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃ Anutin Charnvirakul បានគូសបញ្ជាក់កាលពីថ្ងៃទី១១ សីហាថា ក្រសួងបានបញ្ជាទិញវ៉ាក់សាំង Pfizer ចំនួន ២០លានដូស ដែលជាផ្នែកនៃផែនការទិញវ៉ាក់សាំងរបស់ថៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺ COVID-19 នៅក្នុងប្រទេសខ្លួន។ បន្ថែមពីនេះក្រុមហ៊ុន Pfizer ក៏បានស្នើបញ្ជូនវ៉ាក់សាំងចំនួន ១០លានដូសទៀត មកកាន់ប្រទេសថៃ នៅក្នុងឆ្នាំ២០២១នេះផងដែរ។
លោក Anutin Charnvirakul បានគូសបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិក ក៏បានបរិច្ចាគវ៉ាក់សាំង Pfizer ចំនួន ២.៥លានដូសដែរ មកកាន់ប្រទេសថៃ ក្នុងនោះ១.៥លានដូស បានមកដល់រួចរាល់ហើយ ដែលនាំឱ្យប្រទេសថៃ នឹងមានវ៉ាក់សាំង Pfizer សរុបរហូតដល់ ៣២.៥លានដូស មុនដាច់ឆ្នាំនេះ។
ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុបជាង ២១លានដូស តែប្រជាជន ៤.៥៧លាននាក់ ឬស្មើនឹង ៦.៦% នៃចំនួនប្រជាជនសរុបទើបបានទទួលការចាក់គ្រប់ដូស៕