បីចំណុចត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបតាមប្រព័ន្ធវីដេអូរវាងឯកឧត្តម ជិន ម៉ាលីន ជាមួយតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា
ភ្នំពេញៈ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំជាមួយលោក Pradeep Wagle តំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និង OHCHR ក្នុងវិស័យច្បាប់និងតុលាការ តាមប្រព័ន្ធវីដេអូ Conference (Spype for business)។
ប្រភពក្រសួងយុត្តិធម៌បានឱ្យដឹងថា កិច្ចប្រជុំដែលបានប្រពឹត្តធ្វើកាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានពិភាក្សាលើកិច្ច សហប្រតិបត្តិការចំនួនបីរួមមាន៖១.ការរៀបចំប្រព័ន្ធមូលដ្ឋានទិន្នន័យរឿងក្តីព្រហ្មទណ្ឌនៅតាមលាសាដំបូងរាជធានីខេត្ត និងការផ្តល់ជំនួយបច្ចេកទេសលើការងារនេះ,២.ការរៀបចំផែនការនៃការសិក្សា វាយតម្លៃ និងផ្សព្វផ្សាយបន្ថែម លើការអនុវត្តគម្រោងរូបមន្តនៃការឃុំខ្លួនបណ្តោះអាសន្ននៅតាមតុលាការ និង៣.កិច្ចសហការក្នុងការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្ស និងពង្រឹងសមត្ថភាពមន្ត្រីក្នុងវិស័យយុត្តិធម៌។
ប្រភពដដែលបន្តថាកិច្ចប្រជុំនេះក៏មានការចូលរួមពីឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការ ព្រហ្មទណ្ឌ និងអយ្យការ លោក សៀង គង់ អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលតុលាការតំណាងនាយកដ្ឋានទំនាក់ទាក់ទំនងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ និងតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) និងសហការី៕
ដោយៈជម្ពូនុទ

