សហរដ្ឋអាមេរិកបញ្ជូនកងទ័ពប្រមាណ៣ពាន់នាក់ទៅកាន់អាហ្វហ្គានីស្ថាន ដើម្បីជួយសម្រួលដល់ការចាកចេញរបស់អ្នកការទូតខ្លួន
អាមេរិក៖ ប្រឈមមុខនឹងការកើនឡើងផ្នែកយោធាយ៉ាងឆាប់រហ័សដោយមិននឹកស្មានដល់ពីសំណាក់ក្រុមតាលីបង់នោះ សហរដ្ឋអាមេរិកបានសម្រេចបញ្ជូនកងទ័ព៣ពាន់នាក់ទៅកាន់ប្រទេសអាហ្វហ្គានីស្ថានជាបណ្តោះអាសន្ន ដើម្បីជួយដល់ការចាកចេញរបស់អ្នកការទូតអាមេរិក និងផ្តល់សន្តិសុខដល់បុគ្គលិកអាមេរិក ។
ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា យោធានឹងនៅទីនោះ ដើម្បីជួយដល់ការជម្លៀសបុគ្គលិករបស់យើងប្រកបដោយសណ្តាប់ធ្នាប់ និងដោយសុវត្ថិភាព ។ ប្រកាសរបស់សហរដ្ឋអាមេរិកខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមតាលីបង់វាយដណ្តើមយកទីក្រុងមួយទៀតពីកងកម្លាំងអាហ្វហ្គានីស្ថាន ខណៈក្រុមឥស្លាមនិយមមួយនេះ កំពុងរុលទៅមុខបន្តិចម្តងៗចូលកាន់តែកៀករដ្ឋធានី កាប៊ុល ។
សូមបញ្ជាក់ផងដែរថា ក្រុមតាលីបង់បានគ្រប់គ្រងពីរភាគបីនៃប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលកងកម្លាំងរដ្ឋាភិបាលបានដកថយស្ទើរតែគ្រប់តំបន់ទាំងអស់ លើកលែងតែទីក្រុងកាប៊ុលប៉ុណ្ណោះ ដែលជាទីក្រុងតែមួយគត់ មិនទាន់ត្រូវបានវាយប្រហារដោយផ្ទាល់ ៕ ប្រភព៖ Reuters


