សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និង សម្តេចម៉ែយាងទៅទីក្រុងប៉េកាំង ប្រទេសចិន
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា និង ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត យាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។
សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រទូទាំងប្រទេស។
សូមបញ្ជាក់ថា ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះវររាជមាតាជាតិខ្មែរ តែងតែយាងទៅពិនិត្យព្រះរាជសុខភាពចំនួនពីរដងក្នុងមួយឆ្នាំ តាមរយៈការយាងរបស់ក្រុមគ្រូពេទ្យនៅប្រទេសចិន។ នៅឆ្នាំ២០២១នេះ ព្រះអង្គទាំងទ្វេរ បានយាងទៅពិនិត្យព្រះរាជសុខភាពរួចម្តងមកហើយកាលពីខែមីនា។ រាល់ព្រះរាជដំណើរយាងចេញក្រៅប្រទេសរបស់ព្រះមហាក្សត្រកម្ពុជា និងព្រះវររាជមាតាជាតិខ្មែរ គឺតែងតែមានការអញ្ជើញថ្វាយព្រះរាជដំណើរពីសំណាក់ប្រធានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ, ប្រធានរដ្ឋសភា សម្តេចពញាចក្រី ហេង សំរិន, នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រីព្រះបរមរាជវាំង ព្រះញាតិវង្សានុវង្ស និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាមេទ័ពកំពូលៗរបស់ជាតិផងដែរ។
តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកំលុងពេលព្រះអវត្តមានរបស់ព្រះមហាក្សត្រ រាល់ព្រះរាជកិច្ចរបស់ព្រះអង្គ នឹងប្រគល់ទៅប្រមុខរដ្ឋស្តីទី ដែលជាប្រធានព្រឹទ្ធសភា ៕

