លោក ដូណាល់ ត្រាំ អំពាវនាវអោយលោក ចូ បៃដិន ចុះចេញពីតំណែង ដោយសារក្រុមតាលីបង់ចូលគ្រប់គ្រងអំណាចនៅអាហ្វហ្គានីស្ថាន
អាមេរិក៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអំពាវនាវអោយ អ្នកស្នងតំណែងរបស់លោកគឺលោក ចូ បៃដិន លាលែងពីតំណែងកាលពីថ្ងៃអាទិត្យម្សិលមិញ ជុំវិញការកាន់កាប់អាហ្វហ្គានីស្ថានយ៉ាងឆាប់រហ័សពីសំណាក់ក្រុមតាលីបង់ ដោយសារការសម្រេចដកកងទ័ពអាមេរិកចេញពីប្រទេសនេះ បន្ទាប់ពីរក្សាវត្តមានយោធាខ្លួនជិត២០ឆ្នាំ។
អតីតប្រធានាធិបតីបានសរសេរក្នុងសេចក្តីប្រកាសមួយថា វាជាពេលដែលលោក ចូ បៃដិន លាលែងពីតំណែងក្នុងរឿងអាម៉ាស់ចំពោះអ្វីដែលលោកបានអនុញ្ញាតឲ្យកើតឡើងនៅអាហ្វហ្គានីស្ថាន ព្រមជាមួយនឹងការផ្ទុះជំងឺកូវីដ១៩ដ៏អាក្រក់នៅក្នុងសហរដ្ឋអាមេរិក បញ្ហាអន្តោប្រវេសន៍ក្នុងស្រុក គោលនយោបាយថាមពល និង សេដ្ឋកិច្ច ។ លោក ត្រាំ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀតកាលពីថ្ងៃអាទិត្យម្សិលមិញថា អ្វីដែលលោក ចូ បៃដិន បានធ្វើជាមួយអាហ្វហ្គានីស្ថាន គឺជារឿងព្រេងនិទាន ។ វានឹងក្លាយជាការបរាជ័យដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តអាមេរិក ។
សូមបញ្ជាក់ថា ក្រុមតាលីបង់ប្រកាសថា សង្គ្រាមនៅអាហ្វហ្គានីស្ថានបានបញ្ចប់ហើយ ក្រោយកងកម្លាំងរបស់ពួកគេបានចូលទៅគ្រប់គ្រងវិមានប្រធានាធិបតីអាហ្វហ្គានីស្ថាននៅក្នុងរដ្ឋធានីកាប៊ុល ខណៈកងទ័ពអាមេរិកបានចាកចេញ ហើយប្រទេសលោកខាងលិចមួយចំនួនកំពុងបន្តជម្លៀសជនជាតិរបស់ពួកគេ ៕ ប្រភព៖ CGTN



