គ្រូក្រុមអគ្គិសនីកម្ពុជា បញ្ជាក់ថា លំបាកក្នុងការប្រជែងនៅលីគកំពូល ដោយសារប្រើប្រាស់កីឡាករយុវជនច្រើន

ការប្រើប្រាស់កីឡាករជាយុវជនខ្មែរ ដែលជាគោលការណ៍អភិវឌ្ឍយុវជនខ្មែររបស់ថ្នាក់ដឹកនាំ គឺមានការលំបាក ក្នុងការប្រកួតប្រជែង នៅលីគកំពូលកម្ពុជា ហើយក៏ពិបាកក្នុងការស្វែងរកចំណាត់ថ្នាក់ល្អ នៃតារាងពិន្ទុដែរ ខណៈបណ្តាក្លិបទូទៅមានកីឡាករបរទេសល្អៗ និងប្រើប្រាស់ នៅតំបន់ប្រយុទ្ធតែម្តង នេះជាការបញ្ជាក់របស់លោក មាស សំអឿន គ្រូបង្វឹកក្រុមអគ្គីសនីកម្ពុជា ។

គ្រូបង្គោលក្រុមអគ្គីសនីកម្ពុជា រូបនេះ នៅតែដាក់គោលដៅថា ត្រូវតែប្រឹងប្រែងហ្វឹកហាត់បង្កើនបច្ចេកទេស និងការប្រកួតជាបន្តទៀត ដើម្បីរក្សាខ្លួននៅលីគកំពូលកម្ពុជា មិនឲ្យធ្លាក់ចូលក្នុងតំបន់កាត់ចោល ទៅលេងនៅលីគលំដាប់ទី២នោះទេ ។ លោក មាស សំអឿន បន្ថែមថា សម្រាប់ការនាំចូលកីឡាករយុវជនខ្មែរថ្មីៗ ឬដោះដូរមកពីក្លិបអាជីពនានា សម្រាប់ជើងទី២ មិនមានគម្រោងអ្វីនោះទេ ។

ក្នុងនោះមានយុវជនថ្មីៗទើបនឹងចូលរួមហ្វឹកហាត់ខ្លះៗដែរ នៅក្នុងក្លិបអគ្គិសនីកម្ពុជា ប៉ុន្តែវាមានការលំបាកក្នុងការសម្រេចដាក់ពួកគាត់ចូលប្រកួតលំដាប់លីគ ដែលកំពុងប្រកួតប្រជែងខ្ពស់ៗ ដោយសារក្រុមផ្សេងទៀតនៅលីគកំពូលមានកីឡាករបរទេសច្រើន សិតសឹងតែមានបទពិសោធន៍ខ្ពស់ និងផ្លាស់ប្តូររៀងរាល់ទីផ្សារដោះដូរបើក ការនាំចូលកីឡាករបរទេសបែបនេះធ្វើកីឡាករវ័យក្មេងទទួលបានបច្ចេកទេស និងបទពិសោធន៍ដើម្បីអភិវឌ្ឍឈានទៅជោគជ័យ ។

សូមបញ្ជាក់ថា អគ្គិសនីកម្ពុជា គឺជាក្លិបបាល់ទាត់ដែលប្រើប្រាស់យុវជនខ្មែរសុទ្ធសាធតែ១គត់ ក្នុងលីគកំពូលកម្ពុជា ២០២១នេះ ហើយក្រោយឆ្លងកាត់១០ប្រកួត ឈ្នះ២ ស្មើ១ និងចាញ់៧ប្រកួត ឈរនៅលេខរៀងទី១០ ក្នុងចំណោម១៣ក្រុមនៃក្របខ័ណ្ឌលីគកំពូលកម្ពុជា ៕
