មនុស្ស ២ពាន់ ២៩០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះ ៦នាក់ ត្រូវបានបញ្ជូនទៅតុលាការ ចំពោះការល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៅថ្ងៃទី១៧សីហា
គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅថ្ងៃទី១៨សីហាបានជូនដំណឹងថាលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៧សីហា ឆ្នាំ២០២១ គឺគេបានអនុវត្តវិធានការច្បាប់មានចំនួន១ពាន់១០៩ករណី។ ក្នុងនោះ ឃាត់ខ្លួនមនុស្សចំនួន២ពាន់២៩០នាក់ ដើម្បីអប់រំ និងផាកពិន័យ។
ជាមួយគ្នានោះ បុគ្គល៦នាក់ ត្រូវបានបញ្ជូនទៅតុលាការផងដែរ។ ក្នុងការអនុវត្តច្បាប់នោះ សមត្ថកិច្ចបានឃាត់យានយន្តចំនួន១ពាន់១៣២គ្រឿង, និង ពិន័យជាប្រាក់ចំនួ៣៤លាន៤សែនរៀលផងដែរ។ យោងតាមច្បាប់ បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល។
ត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល បើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
