ប្រជាពលរដ្ឋជាង ៩លាន ១សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៧សីហាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៩លាន១សែន៥ម៉ឺន៧ពាន់២៤៥នាក់ហើយ។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៧លាន៤សែន៧ម៉ឺន៩ពាន់១១០នាក់។ ចំណែកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចន្លោះពី១២ទៅ១៨ឆ្នាំ ក្នុងរយៈពេល១៧ថ្ងៃចាក់បាន៦៣ម៉ឺន៤ពាន់២៨០នាក់ ស្មើនឹង៣២,២៥%នៃអ្នកដែលត្រូវចាក់ជិត២លាននាក់។
ដោយឡែក របាយការណ៍ក្រសួងការពារជាតិបានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន៣សែន៥ម៉ឺន៤ពាន់៧០នាក់ ក្នុងនោះបានចាក់លើកទី២រួច មានចំនួន១លាន២សែន៦ម៉ឺន៤ពាន់២៥៣នាក់។
យោងតាមក្រសួងសុខាភិបាល គិតមកដល់បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជនសរុបជាង១៦លាននាក់នៅទូទាំងប្រទេស មានប្រជាពលរដ្ឋប្រមាណ៥៧,២៣%ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ ។ រីឯការចាក់ដូសទី៣ ឬដូសជម្រុញវិញ គិតមកដល់ថ្ងៃទី១៧សីហាឆ្នាំ២០២១ ចាក់បានចំនួន៣១ម៉ឺន៦ពាន់៩១៣នាក់។

