ក្រុមគ្រូពេទ្យខេត្ត ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬ ដូសជំរុញ ជូនមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋានខេត្តកំពង់ឆ្នាំង ជាង ៥០០នាក់
កំពង់ឆ្នាំង ៖ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាលក្រសួងសុខាភិបាលនិងក្រុមគ្រូពេទ្យខេត្តកំពង់ឆ្នាំង ដែលបានអនុញ្ញាតឱ្យមន្ត្រីនគរបាលទាំងអស់នៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងជាង ៥០០ នាក់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី៣ ដែលជាដូសជំរុញ ដើម្បីថែទាំសុខភាពជូនមន្ត្រីនគរបាលខេត្ត ដែលជាកងកម្លាំងជួរមុខក្នុងការរៀបចំសណ្ដាប់ធ្នាប់ និងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសង្គមជាតិ ។
ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍ស្នងការក៏បានផ្ដាំផ្ញើដល់ មន្ត្រីនគរបាលយើងទាំងអស់ដែលបានចាក់វ៉ាក់សាំងដូសទី៣នេះហើយត្រូវអនុវត្តតាមវេជ្ជបញ្ជារបស់គ្រូពេទ្យដោយត្រូវថែទាំសុខភាពឲ្យបានល្អ កុំហូបគ្រឿងស្រវឹង និងកុំធ្វើការធ្ងន់ ដើម្បីឲ្យអង់ទីគ័រ បណ្ដុះបានល្អក្នុងខ្លួនរបស់យើង ដើម្បីធានាបានការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ បំប្លែងថ្មី ដែលតា ចូលក្នុងគ្រួសារ និងក្មុងសហគមន៍យើង ។
លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺ
កូវីដ១៩ ដូសទី៣ក្នុងថ្ងៃនេះគឺ អាចនឹងដំណើរការចាក់ជូនមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្ត សរុបមានចំនួន ៥២៤នាក់ដែលអាចប្រើរយៈពេលមួយថ្ងៃកន្លះទើបរួចរាល់ ។ នៅក្នុងឱកាសនេះដែរលោកស្នងការនគរបាលខេត្តក៏បានជូនផ្លែឈើជាកាដូ និងថវិកាមួយចំនួនដល់ក្រុមគ្រូពេទ្យខេត្តចំនួន ៩នាក់ដែលបានស្ម័គ្រចិត្តចុះមកជួយចាក់វ៉ាក់សាំងជូនមន្ត្រីនគរបាលយើងផងដែរ ។
ដោយឡែកនៅក្នុងថ្ងៃទី១៨ ខែសីហានេះដែរ លោកស្រី កែវ សុផាត ចៅសង្កាត់កំពង់ឆ្នាំងបានឲ្យដឹងថានៅក្នុងវត្តអារញ្ញ សង្កាត់កំពង់ឆ្នាំង ក្រុមគ្រូពេទ្យខេត្តក៏
បានចុះមកចាក់វ៉ាក់សាំងដូសទី ២ជូនប្រជាពលរដ្ឋ និងចាក់វ៉ាក់សាំងដូសទី១ ជូនដល់កុមារចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំជាច្រើនរយនាក់ នៅក្នុងសង្កាត់កំពង់ឆ្នាំងឲ្យបានគ្រប់ៗគ្នាផងដែរ ។ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃ ទី១៦ ខែសីហា ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងបានចាក់វ៉ាក់សាំងដូសទី១ បានតែ ៤៨ ភាគរយ ប៉ុណ្ណោះ និងអ្នកចាក់ដូសទី២ បានត្រឹមតែ ៣៧ ភាគរយប៉ុណ្ណោះ ។
ជាមួយគ្នានេះដែរក្រសួងសុខាភិបាលបានផ្ដល់វ៉ាក់សាំងដូសទី ៣ជាដូសជំរុញនេះ ជូនខេត្តកំពង់ឆ្នាំងមានចំនួនជាង ១ម៉ឺនដូស ដែលកំពុងដំណើរការចាក់ជូនកងកម្លាំងប្រដាប់អាវុធជួរមុខ និងមន្ត្រីរាជការជួរមុខផងដែរ ៕ សុខ គឹមសៀន






