រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៦០១នាក់ នៅមណ្ឌលបន្សាបសារធាតុញៀនជីវិតថ្មីភ្នំបាក់ ខេត្តបន្ទាយមានជ័យ
សេចក្តីរាយការណ៍បានអោយដឹងថា ការធ្វើសំណាករកមេរោគកូវីដ១៩នេះ បានប្រព្រឹត្តឡើងក្រោមវត្តមាន អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ។ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានធ្វើតេស្តរហ័ស (Rapid Test) លើយុវជន យុវនារី កំពុងបន្សាបថ្នាំ ញៀននៅ មណ្ឌលជីវីតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានចំនួន៦៦០នាក់ ក្នុងនោះរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៦០១នាក់ មានស្រីចំនួន៣០នាក់។
ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោក ឃុន វុទ្ធី បានឱ្យដឹងថា «ក្នុងមណ្ឌលនេះមានមន្ត្រីនគរបាលម្នាក់ និងមន្ត្រីមន្ទីរម្នាក់ មានវិជ្ជមានកូវីដ១៩ ។ ដោយមានការសង្ស័យ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ គ្រូពេទ្យជួរមុខបានមកយកសំណាកក្នុងមណ្ឌលក្នុងនោះ មន្ត្រីសមត្ថកិច្ច និងជំនាញអវិជ្ជមានចំនួន៨០នាក់។ ប៉ុន្តែអ្នកបន្សាបសារធាតុញៀន ចំនួន៦០១នាក់ ស្រី៣០នាក់ បានកើតជំងឺកូវីដ១៩ ក្នុងចំណោមមនុស្សចំនួន៦៦០នាក់។
លោកបានបន្តថា ចំពោះមុខក្រុមការងារបានញែកបំបែកអ្នកអវិជ្ជមានចេញទៅបន្ទប់នៃអគារផ្សេងក្នុងមណ្ឌលនិងបានដឹកអ្នកបន្សាបសារធាតុញៀនដែលវិជ្ជមាន តាមរថយន្តកងទ័ពនៃអាវុធហត្ថខេត្ត នគរបាលខេត្ត ពន្ធនាគារខេត្តទៅកាន់មណ្ឌលព្យាបាលជំងឺកូវីដ១៩ ដើម្បីធ្វើការព្យាបាលផងដែរ៕




